ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ គ្រូពេទ្យ កំពុងឈរប្រកៀកស្មា ជួយសង្គ្រោះសុខភាពវីរកងទ័ព

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា «គ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកជំនាញសុខាភិបាលទាំងអស់កំពុងឈរប្រកៀកស្មា ដើម្បីជួយសង្គ្រោះសុខភាពវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព វីរនគរបាល ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ការប្តេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យបានឆ្លុះបញ្ចាំងពីកម្លាំងរឹងមាំ និងឯកភាពរបស់ប្រទេសជាតិក្នុងគ្រាលំបាក។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងសម្ដែងនូវការដឹងគុណ ដល់វីរយុទ្ធជនទាំងអស់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ជាតិមាតុភូមិ និងប្រជាជន។ បន្ថែមពីនេះ សាស្រ្តាចារ្យ បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ តំណាងឱ្យក្រុមគ្រូពេទ្យទូទាំងប្រទេស ដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងនាមជាកងទ័ពអាវស ដោយស្មារតីទទួលខុសត្រូវ មនសិកាខ្ពស់ រួបរួម សាមគ្គី សហការគ្នា ក្នុងការផ្តល់ការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋ និងវីរកងទ័ព វីរនគរបាល៕

To Top