នាយករដ្ឋមន្ដ្រីកម្ពុជា ៖ «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបជាមួយវិរៈកងទ័ពទាំង១៨នាក់ បន្ទាប់ពីភាគីថៃ បានដោះលែងមកវិញ ខណៈ សម្ដេច ថា «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។ ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ÷ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន»។
សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប។
សូមរំលឹកថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។
ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូប ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)៕
