មូលនិធិ Peaceland បន្តពង្រឹងការរួមចំណែកមនុស្សធម៌ និងការអភិវឌ្ឍ សង្គមកម្ពុជា ក្នុងឆ្នាំ២០២៥
សៀមរាប ៖ ក្នុងឱកាសជូនពរឆ្នាំ២០២៦ លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិ Peaceland ប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក អ៊ុ សុជាតិ ប្រធានកងឯកភាពកំចាត់មីនទី៤ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។

លោក Liu Wenzhi បានជម្រាបជូនថា ក្រោមកិច្ចសម្របសម្រួលយ៉ាងសកម្មរបស់ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបមូលនិធិ Peaceland បានបន្តអនុវត្តសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍសង្គមយ៉ាងទូលំទូលាយ ដោយផ្តោតលើវិស័យសន្តិសុខមនុស្ស ការអភិវឌ្ឍជនបទ បរិស្ថាន សុខាភិបាល និង ការអប់រំ ស្របតាមចក្ខុវិស័យ នៃការអភិវឌ្ឍប្រកបដោយចីរភាព ។ ដោយឡែកក្នុងវិស័យបោសម្អាតមីន មូលនិធិ Peaceland បានរួមចំណែក យ៉ាងសំខាន់ ជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងការរួមចំណែកជាមួយមូលនិធិSanyi និងអង្គពាក់ព័ន្ធនានា របស់ប្រទេសចិនលើការគាំទ្រ បច្ចេកទេស សម្ភារៈ និងធនធាន ដើម្បីជំរុញការបោសម្អាតមីន និងសំណល់សង្គ្រាម នៅតាមផែនការរបស់CMAC។

លោក អ៊ុំសុជាតិ បានថ្លែង នូវការលើកទឹកចិត្តនិងគាំទ្រដល់បេសកកម្មការងារ របស់មូលនិធិPeaceland ហើយលោកក៏បានពាំនាំ នូវប្រសាសន៍ថ្លែងអំណរគុណ ពីឯកឧត្តម ហេង រតនា អគ្គនាយកCMACជូនដល់លោក Wang Ke ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិPeacelandផងដែរ។ បន្ថែមពីលើនេះ លោកបានរំលេចថា អេស្កាវាទ័រ១គ្រឿងដែលជាអំណោយរួមគ្នា របស់មូលនិធិSanyi និងមូលនិធិPeaceland ជូនដល់ CMAC កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងមក បាននិងកំពុងគាំទ្រការងារ របស់CMAC នៅសៀមរាបក្នុងការអភិវឌ្ឍជនបទ បង្កើនសមត្ថភាពស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជា ផ្លូវជនបទ ប្រព័ន្ធទឹក និងការរៀបចំដីសម្រាប់កសិកម្ម ដែលបានចូលរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ឆ្ងាយ ។ ដោយឡែកនា រសៀលដាច់ឆ្នាំ២០២៥នេះ តំណាងCMACនៅសៀមរាបបានទទួលគ្រឿងឧបភោគ បរិភោគពីមូលនិធិPeaceland ជូនដល់កងកម្លាំងដែលបម្រើការងារបោសសម្អាតមីននៅក្នុងខេត្តសៀមរាបផងដែរ ។

គួរបញ្ជាក់ថា ពេញ១ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានជួយសម្របសម្រួល ដល់មូលនិធិPeacelandក្នុងការអនុវត្តគម្រោងជាច្រើនក្នុងប្រទេសកម្ពុជា រួមមាន៖ ១-ក្នុងវិស័យសុខុមាលភាពសង្គម និងបរិស្ថាន មូលនិធិPeaceland បានសហការជាមួយក្រុមហ៊ុនGuangzhou ក្នុងការអនុវត្តកម្មវិធីចែកចង្ក្រានបង្កើនថាមពល ដើម្បីកាត់បន្ថយការប្រើប្រាស់អុស បន្ថយការបំពុលបរិស្ថាន និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា បានចំនួន១៥ ៤២៦គ្រួសារ នៅក្នុងខេត្តចំនួន៥ខេត្ត។ ទន្ទឹមនឹងនេះ ក៏បានជួយគាំទ្រដល់អាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់បៃតងភាព បរិស្ថាន និងការប្រើប្រាស់អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍបៃតង នៅថ្នាក់មូលដ្ឋាន ។ ក្នុងវិស័យអប់រំ មូលនិធិ Peaceland បានយកចិត្តទុកដាក់ជាពិសេសលើ សិស្សានុសិស្សនៅតំបន់ជនបទ តាមរយៈការគាំទ្រសម្ភារៈសិក្សា និងសកម្មភាពលើកទឹកចិត្តការសិក្សា ដើម្បីបង្កើនឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងបង្កើតធនធានមនុស្ស សម្រាប់អនាគត ។
លើសពីនេះ មូលនិធិ Peaceland ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយ中国民间组织国际交流促进会និងមន្ទីរពេទ្យបេះដូងFuwai ក្នុងការនាំយករថយន្តទំនើប ដែលមានសមត្ថភាពវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើត មកកម្ពុជាជូនដល់សមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីជួយសង្គ្រោះ ជីវិតកុមារកម្ពុជា និងបង្កើនការចូលដំណើរការ សេវាសុខាភិបាលឯកទេសនៅតំបន់ ដែលមានកម្រិតធនធាន។ សកម្មភាពទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថា មូលនិធិ Peaceland រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានក្លាយជាដៃគូសហការដ៏មានសារៈសំខាន់ក្នុងការគាំទ្រគោលនយោបាយអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា តាមរយៈស្មារតីមនុស្សធម៌ មិត្តភាព និងសន្តិភាព ព្រមទាំងបង្កើនទំនាក់ទំនងកាន់ តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ស្របតាមគោលបំណងរួម នៃប្រទេសយើងទាំងពីរ ក្នុងកិច្ចកសាងសហគមន៍ ដែលមានវាសនារួមគ្នា កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕


