ព័ត៌មានអន្តរជាតិ

ជំនឿជាក់យ៉ាងរឹងមាំ លើអភិបាលកិច្ច តាមបែបផែនចិន ចំពោះការអភិវឌ្ឍសកល

«ការលើកតម្កើងជីវភាពប្រជាជនចិន និង សាទរកម្លាំងសាមគ្គីភាព ក្នុងសង្គមចិន» ជាខ្លឹមសារសំខាន់បានរំលេចនៅក្នុងសារជូនពររបស់លោក Xi Jinping ប្រធានរដ្ឋចិន ក្នុងឱកាស ទទួលអំណរឆ្នាំសកល ឆ្នាំ២០២៦ ។ លោកប្រធានរដ្ឋចិន បានលើកពីតួនាទី របស់បក្សកុម្មុយនិស្តចិន រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន នៅក្នុងការការថែរក្សាគុណតម្លៃរួម នៃជីវភាពដែលភាពក្រីក្របានឃ្លាតចេញយ៉ាងឆ្ងាយពីប្រជាជន ជាក់ស្តែងផលិតផលក្នុងស្រុកសរុប ក្នុងមនុស្សម្នាក់ៗរបស់ចិនសម្រាប់ឆ្នាំ២០២៥ឈានដល់១៣ ៩០០ដុល្លារអាមេរិក ហើយលោកប្រធានរដ្ឋចិន ក៏បានរំលេចពីសមភាព សមធម៌ និងការកសាងសង្គមមានយុត្តិធម៌ និងឱកាសស្មើគ្នានៃប្រជាជាតិទាំង៥៦ របស់ប្រទេសចិនផងដែរ។ ដូចដែលពិភពលោក បានដឹងទាំងអស់គ្នាថា ទំហំសរុប នៃសេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលបែបលោតផ្លោះថ្មីជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណ នឹងឡើងដល់១៤០ទ្រីលានយាន់ប្រាក់ចិន ក្នុងឆ្នាំ២០២៥។ ទោះជាបែបនេះក្តី ការអភិវឌ្ឍរបស់ប្រទេសចិន មិនមែនត្រឹមតែតួលេខនៃ GDPប៉ុណ្ណោះទេ ថែមទាំងជាសូចនាករវាស់វែង សុភមង្គល សុខុមាលភាព សុខដុមនីយកម្ម និងវិបុលភាពរបស់ប្រជាជនចិនថែមទៀតផង។ កិច្ចខិតខំក្នុងការថែរក្សាគុណតម្លៃនៃ «ប្រទេសមួយ របបពីរ» សម្រាប់វឌ្ឍនភាពរបស់ហុងកុង និង ម៉ាកាវ ក៏ដូចជាការទទួលយកតៃវ៉ាន់ វិលមកកាន់មាតុភូមិរបស់ខ្លួនវិញ សុទ្ធតែបានបញ្ចូលទៅក្នុងខ្លឹមសារ នៃសារជូនពរឆ្នាំ២០២៦ដល់ប្រជាជាតិចិនទាំងមូល ជាពិសេសប្រជាជនចិនរស់នៅកោះតៃវ៉ាន់ ។

«ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» ជាការប្តេជ្ញាចិត្តរបស់ប្រទេសចិនតាមរយៈសារជូនពរ ឆ្នាំ២០២៦ដែលបានបង្ហាញថា «ផែនការ៥ឆ្នាំ លើកទី១៥» ដែលនឹងចាប់ចេញដំណើរពីឆ្នាំ២០២៦ បាននិងកំពុងក្រសោបនិងពន្លាត សមិទ្ធផលមហិមារបស់«ផែនការ៥ឆ្នាំ លើកទី១៤»ដែលបង្ហាញដល់ពិភពលោកក្នុងនាមជាជើងឯកក្នុងការសម្រេចបានស្របតាមរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សារប្រកបដោយខ្លឹមសារមុតស្រួចរបស់លោកប្រធានរដ្ឋចិនពិតជាបានឆ្លុះឱ្យឃើញថាឆ្នាំ២០២៦ គឺជាដំណាក់កាលសំខាន់នៃការបន្តអនុវត្ត ផែនការ៥ឆ្នាំ លើកទី១៥ ដែលនឹងបំលែងពី «ល្បឿនលឿន» ទៅ «គុណភាព»ដោយបានរំលេចពីបច្ចេកវិទ្យាថ្មីៗរួមមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI បច្ចេកវិទ្យាលំហអាវកាស សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចពណ៌ប្រាក់ជាដើម ។ បន្ថែមពីលើនេះ មនុស្សជាតិបានកត់ សម្គាល់ពីប្រសាសន៍ ដ៏មានគុណតម្លៃ នូវបទពិសោធន៍ដ៏ប្រពៃ របស់អ្នកវិទ្យាសាស្រ្តចិន លើការច្នៃប្រឌិតឬនវានុវត្ត ដែលជាថាមពលចម្បង នៃកំណើនសេដ្ឋកិច្ច ។ ដោយមិនរំលងពី «កិច្ចកសាងសហគមន៍រួមជីវិត» សារជូនពរឆ្នាំ២០២៦ ក៏បានផ្តល់នូវសក្ខីកម្មពីវឌ្ឍនភាពការងារ របស់ប្រទេសចិនលើការថែរក្សាភពផែនដី ដែលជាផ្ទះរួមរបស់យើងទាំងអស់គ្នាតាមរយៈការអភិវឌ្ឍបៃតង និងអភិវឌ្ឍប្រកបដោយចីរភាព។ សម្រាប់ប្រទេសចិន សារលិខិតជូនពរនេះ ជាសារបញ្ជាក់ថា សេដ្ឋកិច្ចរបស់ចិនមិនត្រឹមតែ «ធំ» ប៉ុណ្ណោះទេ ថែមទាំងត្រូវ «រឹងមាំ និងមានគុណភាព»។

«កិច្ចបង្កើនថែរក្សាសន្តិភាព ជំរុញល្បឿននៃការអភិវឌ្ឍ និង ពន្លាតកិច្ច សហប្រតិបត្តិការឈ្នះ-ឈ្នះ» ជាខ្លឹមសារសំខាន់មួយ ដែលបានរំលេចយ៉ាង ប្រត្យក្សនៅក្នុងសារលិខិតជូនពរ របស់លោកប្រធានរដ្ឋចិនសម្រាប់ឆ្នាំ២០២៦ ដោយបានរំលេចថា «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលបានបន្តវឌ្ឍនភាពរបស់ខ្លួនតាំងពីឆ្នាំ២០១៣មកកំពុងឆ្លើយតប និងរួមចំណែកដោះស្រាយបញ្ហាសកលជាច្រើនរួមមានសង្គ្រាម វិបត្តិសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម ។ ក្នុងន័យនេះ សារជូនពរឆ្នាំ២០២៦បានគូសរំលេចម្តងហើយម្តងទៀតថា ប្រទេសចិននៅតែបន្តជាលំនឹងយុថ្កា ដ៏សំខាន់ដល់ពិភពលោកក្នុងការ ជ្រើសរើសសន្តិភាព ជំនួសការប្រឈម ហើយជ្រើសរើសកិច្ចសហការនិងសហប្រតិបត្តិការ ជំនួសការបែងចែក ព្រមទាំងជ្រើសរើសការអភិវឌ្ឍរួមគ្នា ឈ្នះ-ឈ្នះ ជំនួសផលប្រយោជន៍ឯតោភាគី។ ដូចដែលពិភពលោកបានឃើញពីការប្តេជ្ញាចិត្ត របស់ចិនក្នុងមហាព្យុហយាត្រាខួប៨០ឆ្នាំ នៃថ្ងៃបង្កើតអង្គការសហប្រជាជាតិកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានបង្ហាញជាសារយុទ្ធសាស្ត្រក្នុងគោលបំណងបង្កើនភាពទុកចិត្តរបស់អន្តរជាតិចំពោះសមត្ថភាពពេញលេញរបស់ចិនក្នុងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ។ ជាមួយគ្នានេះដែរ «គោលការណ៍ចិនតែមួយ» គឺជារបៀបវារៈស្នូលដែលប្រទេសចិន បានរួមគ្នាជាមួយសហគមន៍អន្តរជាតិ ក្នុងរយៈពេល៧៦ឆ្នាំកន្លងមកហើយ ។
«ការពង្រឹងកម្លាំងកសាងសហគមន៍ វាសនារួមមនុស្សជាតិក្នុងយុគសម័យថ្មី» ជាដំបូលផ្តល់ម្លប់នៃក្តីសង្ឃឹមនិងសុបិនរួម របស់មនុស្សជាតិដែលប្រទេសចិន តាមរយៈសារលិខិតជូនពរ របស់លោក Xi Jinping ប្រទេសចិននឹងបន្តការពារ និងពង្រឹងគោលគំនិតស្នូល ក្នុងទំនាក់ទំនងអន្តរជាតិ ដើម្បីធានាកាន់តែរឹងមាំពីគោលការណ៍ពហុភាគីនិយម ការគាំទ្រប្រព័ន្ធអន្តរជាតិ ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបដិសេធដាច់អហង្កាលើគោលការណ៍ឯកតោភាគីនិយម ការបង្កើតក្រុមដើម្បីបែងចែកពិភពលោក និងការរើសអើងនិយម។ ដោយផ្អែកលើសាររនេះ ពិភពលោកបានយល់យ៉ាងច្បាស់ដោយគ្មានមន្ទិលថា ប្រទេសចិនជា «កម្លាំងថែរក្សាសន្តិភាព ស្ថិរភាព លំនឹងសកល និងដោះស្រាយវិបត្តិសកល» មិនមែនជាប្រទេសដែលមាន «កម្លាំងរំខាន ឬវាតទីនិយម» ក្នុងពិភពលោកឡើយ។ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» និង «គំនិតផ្តួចផ្តើមសកលទាំង៤» ដែលក្នុងនោះ«គំនិត ផ្តួចផ្តើមអភិបាលកិច្ចសកល» (ផ្តួចផ្តើមកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥) នឹងក្លាយជាយន្តការ ដែលមានស្រាប់សម្រាប់តភ្ជាប់ ពិភពលោកជាមួយចិននៅក្នុងវិបុលភាពដូចនឹងទស្សនៈចិនដែលបានលើកឡើងថា «មានតែខំរួមគ្នាបន្ថែម ពន្លឺរស្មីសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសនានា ទើបយើងនឹងទទួលបាននូវបាច់ពន្លឺដ៏ត្រចះត្រចង់» ស្របនឹងទស្សនវិជ្ជាចិនដែលតែង បានសង្កត់ធ្ងន់ថា «មិនថាប្រទេសចិនរីកចម្រើនដល់កម្រិតណាទេ ចិន គ្មានបំណងណាមួយក្នុងមហិច្ឆិតាវាតទីនិយម» បន្ថែមពីលើនេះ ប្រទេសចិននៅតែឈរជាមួយវឌ្ឍនភាព របស់ខ្លួនដែលផ្តល់កាលានុវត្តភាពសម្រាប់ប្រទេសដទៃ ដោយដើរជាមួយចិន គឺដើរជាមួយឱកាស ដូចដែលបានផ្តល់ទឡ្ហីករណ៍តាមរយៈគោលនយោបាយ បើកចំហសេដ្ឋកិច្ចក្នុងឆ្នាំ១៩៧៨ និងគោលនយោបាយគយពិសេសសម្រាប់ខេត្តហៃណាន ក្នុងឆ្នាំ២០២៥ ជាសក្ខីភាពបញ្ជាក់ស្រាប់។

ជារួម តាមរយៈសារជូនពរឆ្នាំ២០២៦របស់លោក Xi Jinping មនុស្សជាតិ បានមើលឃើញយ៉ាងច្បាស់ថា «ផ្លូវអភិវឌ្ឍន៍របស់ចិន» ជាមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយត្រី វិស័យវិទ្យាសាស្ត្រ ហើយបានរំលេចពីសម្លេងឯកច្ឆន្ទ ស្តែងពីទំនុកចិត្ត កាន់តែខ្លាំងក្លា របស់ប្រជាជាតិចិនទាំងមូលចំពោះបក្សកុម្មុយ និស្តចិន ក្នុងការដឹកនាំប្រទេសចិន ស្របតាមចក្ខុវិស័យ នៃការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិ ចិនដោយផ្អែកលើភាពរឹងមាំ នៃសង្គមនិយមតាមបែបផែនចិន និងការអភិវឌ្ឍប្រកបដោយចីរភាពផ្អែកលើប្រជាជន ជាមជ្ឈដ្ឋានដែលបក្សកុម្មុយនិស្តចិននឹងបន្តបេសកកម្មរបស់ខ្លួនដោយឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យរបស់ប្រទេសចិន៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន

To Top