រុស្ស៊ី បញ្ជាក់ជាថ្មី នូវការប្រឆាំង ចំពោះទម្រង់ណាមួយនៃ «ឯករាជ្យភាពតៃវ៉ាន់»
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីទទួលស្គាល់តៃវ៉ាន់ថា ជាផ្នែកមួយដែល មិនអាចកាត់ផ្តាច់បាន របស់ប្រទេសចិន និងប្រឆាំង នឹងទម្រង់ណាមួយនៃ «ឯករាជ្យភាពតៃវ៉ាន់» នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់កាសែតស៊ីនហួថា ប្រទេសមួយចំនួន ខណៈដែលអះអាងពីការប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ គាំទ្រការរក្សាស្ថានភាពដើម ដែលផ្ទុយនឹងគោលការណ៍ នៃការបង្រួបបង្រួមជាតិរបស់ប្រទេសចិន។
ក្រសួងបានឲ្យដឹងទៀតថា បញ្ហាតៃវ៉ាន់បច្ចុប្បន្ន កំពុងត្រូវបានប្រើប្រាស់ដោយប្រទេស មួយចំនួនជាឧបករណ៍ នៃការទប់ស្កាត់យោធា និងយុទ្ធសាស្ត្រប្រឆាំង នឹងប្រទេសចិន។
ក្រសួងបានបញ្ជាក់បន្ថែមថា ជំហរគោលការណ៍របស់រុស្ស៊ី លើបញ្ហាតៃវ៉ាន់ត្រូវបាន គេស្គាល់យ៉ាងច្បាស់ មិនផ្លាស់ប្តូរ ហើយត្រូវបានបញ្ជាក់ឡើងវិញ ម្តងហើយម្តងទៀត នៅកម្រិតខ្ពស់បំផុត ដោយបន្ថែមថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ហើយប្រទេសចិន មានមូលដ្ឋាន ស្របច្បាប់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕
