ព័ត៌មានជាតិ

អាមេរិក ៖ ការដោះលែងទ័ព១៨រូប ជាសញ្ញាវិជ្ជមាន ទៅរកការកសាងទំនាក់ទំនង ជាប្រទេសជិតខាងឡើងវិញ

ភ្នំពេញ ៖ មួយថ្ងៃបន្ទាប់ ពីការដោះលែងវីរកងទ័ពកម្ពុជា ទាំង១៨រូប អ្នកនាំពាក្យរង នៃក្រសួងការបរទេស សហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា ការដោះលែងពួកគាត់នេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ ឆ្ពោះទៅរកការកសាងទំនាក់ទំនង ជាប្រទេសជិតខាងឡើងវិញ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរង នៃក្រសួងការបរទេស សហរដ្ឋអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការរក្សាបទឈប់បាញ់គ្នា រវាងកម្ពុជា-ថៃ បានឱ្យដឹងថា សហរដ្ឋអាមេរិកស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងមក ។

អ្នកនាំពាក្យបន្តថា សកម្មភាពនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេសទាំងពីរ ចំពោះសន្តិភាពយូរអង្វែង តាមរយៈការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ដោយអ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក ស្វាគមន៍ចំពោះការដោះលែង ទាហានកម្ពុជាចំនួន១៨នាក់ដោយភាគីថៃ ។

ចំពោះការដោះលែងនេះ អ្នកនាំពាក្យសង្កត់ធ្ងន់ថា នេះគឺជាជំហានវិជ្ជមានមួយឆ្ពោះ ទៅរកការកសាងទំនាក់ទំនង ជាប្រទេសជិតខាងរវាងកម្ពុជា-ថៃ និងទំនុកចិត្តឡើងវិញ ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា និងថៃ ខណៈប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗ ដែលបានព្រមព្រៀងគ្នា នៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៦ ខែតុលា។

សូមបញ្ជាក់ថា វីរកងទ័ពកម្ពុជា ដែលត្រូវបានយោធាថៃ ចាប់ឃុំខ្លួនអស់រយៈពេល១៥៥ថ្ងៃកន្លងមកនោះ ត្រូវបានដោះលែងមកវិញហើយ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ក្រោមសំឡេងអបអរសាទហ៊ោរកញ្ច្រេវ រំពងអឺងកងពីមហាជនខ្មែរគ្រប់ស្រាប់វណ្ណៈ ៕

To Top