ព័ត៌មានជាតិ

សហភាពអឺរ៉ុប ៖ ការដោះលែងទាហានកម្ពុជា ១៨នាក់ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នា រវាង កម្ពុជា-ថៃ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោក អ៊ឺហ្កូ ទ្រីសម៉ាន់ បានឱ្យដឹងថា ការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ គឺជាការវិវត្តដ៏គួរឱ្យរីករាយ និងជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើនទំនុកចិត្តគ្នា ទៅវិញ ទៅមក រវាង កម្ពុជា-ថៃ។

តាមរយៈសេចក្ដីសេចក្តីថ្លែងការណ៍ លោកឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បានចែករំលែកទស្សនៈរបស់លោកចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូប និងមាគ៌ាឆ្ពោះទៅមុខសម្រាប់ទំនាក់ទំនងកម្ពុជា-ថៃ។ 

លោក ថា «ការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ គឺជាការវិវត្តដ៏គួរឱ្យរីករាយ និងជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ សហភាពអឺរ៉ុប សូមអំពាវនាវឱ្យមានការបន្តអនុវត្តប្រកបដោយសុឆន្ទៈ នូវរាល់ការប្តេជ្ញាចិត្តដែលបានធ្វើឡើង នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ២៧ ខែធ្នូ»៕

សូមរំលឹកថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ 

ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)៕

To Top