រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី៖ បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន
ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយជានិច្ច ដោយទទួលស្គាល់ថារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Sugiono បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតស៊ីនហួ។
លោកបានបញ្ជាក់ថា ជំហរយូរអង្វែងនេះនៅតែមិនផ្លាស់ប្តូរ និងបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនងឥណ្ឌូនេស៊ី-ចិន។ លោក Sugiono បានលើកឡើងថា ការចូលរួមរបស់លោកប្រធានាធិបតី Prabowo Subianto នៅក្នុងពិធីរំលឹកខួបលើកទី ៨០ នៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិន តស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកនៅប្រទេសចិន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ី ក្នុងការលើកកម្ពស់សន្តិភាព ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសបានកត់សម្គាល់ថា ចំពោះបញ្ហាតៃវ៉ាន់ រដ្ឋាភិបាលឥណ្ឌូនេស៊ីរក្សាជំហរច្បាស់លាស់ និងមានគោលការណ៍ ដោយបញ្ជាក់ថា វាជាកិច្ចការផ្ទៃក្នុងរបស់ចិន។ លោកបានបន្ដថា ប្រទេសឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ថា អធិបតេយ្យភាព និងបូរណភាពទឹកដីត្រូវតែគោរព ហើយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាស្មារតីនៃសេចក្តីសម្រេចលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក Sugiono បានកត់សម្គាល់ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងបន្តធ្វើការជាមួយប្រទេសចិន និងដៃគូដទៃទៀត ទាំងទ្វេភាគី និងពហុភាគី ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើសពីនេះ។ លោកថា ប្រទេសឥណ្ឌូនេស៊ីនៅតែប្តេជ្ញាចិត្ត ចំពោះគោលនយោបាយការបរទេសឯករាជ្យ និងសកម្ម ដែលដឹកនាំដោយគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែក និងការរួមរស់ដោយសន្តិភាព៕
ប្រែសម្រួល ឈូក បូរ៉ា
