អ៊ីរ៉ង់បើកការចរចា និងសន្ទនាគ្នាប្រកបដោយភាពច្បាស់លាស់ នឹងសារៈសំខាន់ជាមួយនឹងអាមេរិក
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាខ្លួនមិនខ្លាចសង្គ្រាមក៏ដោយ អ៊ីរ៉ង់ មិនដែលស្វែងរកជម្លោះ ជាមួយសហរដ្ឋអាមេរិក ហើយបើកចំហចំពោះការចរចា ពិតប្រាកដ និងដ៏មានសារៈសំខាន់មួយជាមួយគ្នា ។
លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នៅលើបណ្តាញសង្គម X មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានគំរាមអ៊ីរ៉ង់ជាមួយនឹងការវាយប្រហារយោធាដ៏ធំមួយ ប្រសិនបើប្រទេសនេះបន្តកម្មវិធីមីស៊ីលផ្លោង ឬអាវុធនុយក្លេអ៊ែរ។
ដោយកត់សម្គាល់ថា អ៊ីរ៉ង់មិនដែលស្វែងរកជម្លោះជាមួយសហរដ្ឋអាមេរិក លោក Araghchi បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ នៅតែត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានណាមួយជាមួយនឹងវិធានការសម្រេចចិត្ត។
លោក Araghchi បានកត់សម្គាល់ថាទីក្រុងវ៉ាស៊ីនតោនអាចបន្តពឹងផ្អែកលើ និទានកថាដែលផលិតដោយអ៊ីស្រាអែល ដែល ផលិតតែវត្ថុអស្ថិរភាព ការគណនាខុស និងបរាជ័យជាយុទ្ធសាស្ត្រឬបន្តផ្លូវផ្អែកលើភាពប្រាកដនិយម ការទូត និងការគោរពគ្នាទៅវិញទៅមក។
គួរឲ្យដឹងដែឬថានៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសផ្សេងទៀត លោក Araghchi ក៏បានពណ៌នាការគំរាមកំហែងប្រឆាំងអ៊ីរ៉ង់របស់លោក Trump កាលពីថ្ងៃចន្ទថា ជាការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) ៕
ប្រែសម្រួល៖ស៊ុនលី
