ព័ត៌មានជាតិ

ក្រសួងធម្មការ ហាមដាច់ខាតសកម្មភាព រូបភាព អាជីវកម្ម «គោដុត» នៅទីចំហសាធារណៈ

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានហាមដាច់ខាតសកម្មភាព រូបភាព អាជីវកម្ម «គោដុត» នៅទីចំហសាធារណៈ ដែលបង្ហាញនូវសកម្មភាពហិង្សាឃោរឃៅផ្ទុយនឹងគោលការណ៍អហិង្សាធម៌ របស់ព្រះពុទ្ធសាសនា និងជំនឿផ្សេងៗ។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នាថ្ងៃទី៣១ ធ្នូ បានឱ្យដឹងថា នៅកម្ពុជា ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌សង្គម ធ្វើឱ្យពុទ្ធចក្រ និងអាណាចក្រ ធ្វើដំណើរទន្ទឹមគ្នាក្នុងការអភិវឌ្ឍជាតិឈាន ឆ្ពោះទៅរកភាពសម្បូររុងរឿង សុខសន្តិភាព វិបុលភាពដ៏ពិតប្រាកដសម្រាប់មនុស្សជាតិ ដែលជាគោលដៅចម្បង ស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់នីតិកាល ជាពិសេសគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

រាជរដ្ឋាភិបាល បាននិងកំពុងបន្តបំពេញបេសកកម្មយ៉ាងសកម្មក្នុងការការពារថែរក្សា និងគាំទ្រទាំងស្មារតី និងសម្ភារ ដើម្បីពង្រឹង និងពង្រីក វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យមានវឌ្ឍនភាពជាបន្តបន្ទាប់។ កន្លងមក រាជរដ្ឋាភិបាល បានចេញនូវសេចក្តីណែនាំក្នុងគោលបំណង ទប់ស្កាត់នូវរូបភាពអាជីវកម្ម «គោដុត» នៅទីចំហសាធារណៈ ដើម្បីពង្រឹងដល់ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជំនឿផ្សេងៗ ដែលមាននៅកម្ពុជា។

ដើម្បីឱ្យស្របទៅនឹងគោលការណ៍ណែនាំនេះ ក្រសួងធម្មការ និងសាសនា បានគូសបញ្ជាក់ថា «សូមធ្វើការណែនាំ ដូចជា៖ ហាមដាច់ខាតនូវសកម្មភាពរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈដូចជាមុខហាងជាដើម ដែលបង្ហាញនូវសកម្មភាពហិង្សាឃោរឃៅផ្ទុយនឹងគោលការណ៍អហិង្សាធម៌របស់ព្រះពុទ្ធសាសនា និងជំនឿផ្សេងៗ»។

ក្រសួង បន្ដថា ការចរាចរណ៍សត្វទេបាទ ចតុប្បាទ សត្វមានជីវិតដទៃទៀត តាមរថយន្ត ទោចក្រយានយន្ត ត្រីចក្រយាន និងមធ្យោបាយនានាត្រូវមានការបិទបាំងឱ្យបានត្រឹមត្រូវហ្មត់ចត់ ជៀសវាងការចង ខ្សែព្យួរ ដាក់ក្នុងទីវាលឬក៏ចងទម្លាក់តាមផ្លូវ ដែលជារូបភាពបង្ហាញនូវភាពហិង្សាធ្វើឱ្យប៉ះពាល់ ដល់គុណតម្លៃព្រះពុទ្ធសាសនា និងសេចក្តីថ្លៃថ្នូរបស់សង្គម។

ក្រសួង បន្ថែមថា ចំពោះសាច់សត្វដែលបានពិឃាតហើយ ការដឹកជញ្ជូនចរាចរតាមដងផ្លូវ ត្រូវមានការវេចខ្ចប់ បិទបាំងឱ្យបានជិតល្អ ត្រឹមត្រូវ ជៀសវាងការដឹកជញ្ជូនដោយគ្មានការវេចខ្ចប់ និងបិទបាំង ឬ ដាក់ចំហដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ សុខភាពសាធារណៈ និងបង្ហាញពីហិង្សាធម៌៕

To Top