លោក Borrell លើកឡើងថា អឺរ៉ុបត្រូវតែឈប់ ចាត់ទុកអាមេរិកថា ជាសម្ព័ន្ធមិត្តសំខាន់ជាងគេទៀតទៅ
បរទេស ៖ យោងតាមការចេញផ្សាយរបស់RT អតីតអ្នកការទូតកំពូល របស់ប្លុកអឺរ៉ុបលោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុប គួរតែឈប់ពិចារណា លើសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុសែល កំពុងតែឈានមុខគេ លើគោលនយោបាយឌីជីថល និងការគ្រប់គ្រងលើទឹកដីGreeland។
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Antena 3 របស់ប្រទេសអេស្បាញកាលពីសប្តាហ៍មុន លោក Borrell បាននិយាយថាគាត់មិនដឹងថាអ្វីដែល ប្រធានាធិបតី អាមេរិក Donald Trump ត្រូវធ្វើបន្ថែមទៀត ដើម្បីឱ្យយើងយល់ថា សហរដ្ឋអាមេរិក និងអឺរ៉ុបមិនមែនជាសម្ព័ន្ធមិត្ត ដែលពួកគេធ្លាប់សហការគ្នានោះទេ។
លោក Borrell ក៏បានធ្វើអត្ថាធិប្បាយផងដែរ អំពីការព្រួយបារម្ភរបស់លោក Trump ដែលថាមហាអំណាច នុយក្លេអ៊ែររបស់អឺរ៉ុប – បារាំង និង ចក្រភពអង់គ្លេស – អាចនៅថ្ងៃណាមួយមាន រដ្ឋាភិបាលដែលមិនរួសរាយ រាក់ទាក់ជាមួយទីក្រុងវ៉ាស៊ីនតោនទៀតទេ។
អតីតមន្ត្រីការទូតរូបនេះបាននិយាយថា ៖ មានមនុស្សជាច្រើនដែលមិនចង់ ទទួលយកការពិតនេះ ព្រោះវានៅតែត្រូវបានគេសន្មត់ថា សហរដ្ឋអាមេរិកគឺ ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហភាពអឺរ៉ុប ប៉ុន្តែវាលែងមានទៀតហើយ ។
លោកក៏បានចង្អុលបញ្ហាផ្សេងទៀត ដូចជាការហាមប្រាមទិដ្ឋាការ របស់សហរដ្ឋអាមេរិកលើជនជាតិអឺរ៉ុប៥នាក់ រួមទាំងអតីតស្នងការ ទីផ្សារផ្ទៃក្នុង Thierry Breton ដែលមន្ត្រី ក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ថា បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ផ្នែកច្បាប់ក្នុងការរើសអើងប្រឆាំង នឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិកនោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
