ព័ត៌មានអន្តរជាតិ

ភ្នាក់ងារអន្តោប្រវេសន៍អាមេរិក បាញ់ស្រ្តីម្នាក់ បណ្តាលឱ្យស្លាប់ នៅតាមផ្លូវ

បរទេស៖ មន្ត្រីអន្តោប្រវេសន៍អាមេរិកម្នាក់ បានបាញ់សម្លាប់ស្ត្រីម្នាក់នៅទីក្រុង Minneapolis កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមានការតវ៉ា និងការប្រឈមមុខដាក់គ្នា ដ៏តានតឹងរវាងរដ្ឋ Minnesota ដែលគ្រប់គ្រងដោយ គណបក្សប្រជាធិបតេយ្យ និងសេតវិមាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅ ផ្លូវ East 34th Street និង Portland Avenue ជាកន្លែង ដែលមន្ត្រីអនុវត្តច្បាប់ពីមុនមក គឺបានប៉ះទង្គិចជាមួយបាតុករ។

វីដេអូពីកន្លែងកើតហេតុបង្ហាញពីភ្នាក់ងារ អនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ចូលទៅជិតរថយន្ត SUV មួយគ្រឿងបានឈប់នៅកណ្តាលផ្លូវដែលមានព្រិលធ្លាក់ ។ ខណៈដែលភ្នាក់ងារ ព្យាយាមបើកទ្វារ អ្នកបើកបរបានបត់រថយន្ត របស់នាងត្រឡប់មកបញ្ច្រាស់ទិសវិញ ហើយព្យាយាមបើករថយន្តចេញ ។ ភ្នាក់ងារដកកាំភ្លើងភ្ជង់បាញ់ ៣គ្រាប់បន្ទាប់មករថយន្តបើកទៅបុករថយន្ត២គ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវ។

ក្រោយមកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជាក់ថាឈ្មោះ Renee Good អាយុ៣៧ឆ្នាំ ។

រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem បានការពារភ្នាក់ងាររូបនោះ ដោយនិយាយលោកស្រីថា ស្រ្តីឈ្មោះ Renee Good គឺ “ប្រើរថយន្តដើម្បីព្យាយាមសម្លាប់មន្ត្រី និងសហការីរបស់គាត់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top