ព័ត៌មានជាតិ

ការតវ៉ា របស់បងប្អូនកម្មករ រោងចក្រ ញូ ថាហ្គេត ហ្វ៊ូតវែរ ត្រូវបានដោះស្រាយសះជាភ្លាមៗ ក្រោមការសម្របសម្រួល យ៉ាងយកចិត្តទុកដាក់ របស់ក្រសួងការងារ

ភ្នំពេញ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ញូ ថាហ្គេត ហ្វ៊ូតវែរ (NEW TARGET FOODWEAR (CAMBODIA) CO.,LTD) ដែលមានទីតាំងស្ថិតស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានដោះស្រាយចប់សព្វគ្រប់ នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលយ៉ាង យកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

លោកបានអះអាងថា៖ «ក្រោយទទួលបានដំណឹង នៃការតវ៉ារបស់បងប្អូនកម្មករ មន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះដល់ទីតាំងភ្លាមៗ ធ្វើការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ជាមួយភាគីទាំងពីរ ។ ក្រោយការសម្របសម្រួល របស់មន្ត្រីជំនាញភាគីទាំងពីរ បានឯកភាពគ្នាបញ្ចប់បញ្ហាសព្វគ្រប់ ត្រឹមល្ងាចថ្ងៃទី៨ ខែមករានេះ ដោយកម្មករយលព្រមវិលចូលបម្រើការងារវិញ ជាធម្មតានៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ» ។

ការដោះស្រាយដ៏លឿនរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា គឺជាកិច្ចការងារអាទិភាពរបស់ក្រសួង ក្នុងការយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករនិយោជិត៕

To Top