ព័ត៌មានជាតិ

ប្រមុខក្រសួង មហាផ្ទៃកម្ពុជា និងទូតថ្មីកូរ៉េ សម្លឹងឃើញភាពចាំបាច់ នៃការពង្រឹងចំណេះជំនាញ កម្លាំងអនុវត្តច្បាប់ និងផ្លាស់ប្តូរទស្សនកិច្ច

ភ្នំពេញ ៖ ភាពចាំបាច់នៃការ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ពង្រឹងចំណេះជំនាញ កម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីដកបទពិសោធន៍ លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និងជំនាញថ្មីៗ បម្រើដល់ការងារនគរបាល ជំនាញកម្ពុជា និងកូរ៉េ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ក្នុងឱកាសទទួលជួប លោក KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

ឈរលើកគោលការណ៍ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ លោក KIM Chang Yong បានជម្រាប លោក ឧបនាយករដ្ឋមន្ត្រី ថា ភាគីកូរ៉េ នឹងបន្តបង្កើនកិច្ចសហការដ៏ល្អនេះ និងត្រៀម ជួយគាំទ្រដល់ភាគីកម្ពុជា គ្រប់បែបយ៉ាង ជាពិសេស ការងារបណ្តុះបណ្តាល ចែករំលែកបទពិសោធ និងឯកភាពទទួល រៀបចំទស្សនកិច្ច នាពេលខាងមុខ ជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញកម្ពុជា ដើម្បីដកពិសោធន៍ ការងារសន្តិសុខ និងនគរបាល។

រំលឹកដល់បទពិសោធន៍ កិច្ចសហប្រតិបត្តិការ កន្លងមក លោក ស សុខា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងប្រកប ដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-កូរ៉េ ដែលតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក លើការងារ សន្តិសុខ ពិសេសក្រោយការបង្កើតក្រុមការងារចម្រុះ កម្ពុជា-កូរ៉េ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ សម្រេចបានលទ្ធផលជាច្រើន ក្នុងការងារបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ផ្តល់កិច្ចសហការជិតស្និទ្ធ និងផ្លាស់ប្តូរបទ ពិសោធន៍ល្អៗ សំដៅពង្រឹងសមត្ថភាព កងកម្លាំងសមត្ថកិច្ច ដើម្បីរួមចំណែកក្នុងការក្នុងបុព្វហេតុ នៃការថែរក្សាសន្តិសុខ សណ្តា ប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្រាប់ប្រទេសទាំងពីរ និងតំបន់។

ជាការឆ្លើយតប លោក KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េ បានថ្លែងអំណរគុណ លោក​ ឧបនាយករដ្ឋមន្ត្រី​ ចំពោះការជួយសម្របសម្រួលការងារ កិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងទាំងពីរ បង្កលក្ខណៈអំណោយផលដល់ ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកអនុវត្តសម្រេច បានដោយជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការ ដែលស្ថាប័នទាំងពីរបានផ្តួចផ្តើមនាពេលកន្លងមក ជាពិសេស ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ សម្រេចបានលទ្ធផលលើស ការរំពឹងទុក៕

To Top