ក្រុមសកម្មជនថា ចំនួនអ្នកស្លាប់ដោយសារ ការបង្ក្រាបការតវ៉ា នៅអ៊ីរ៉ង់កើនឡើង ដល់យ៉ាងហោចណាស់ ២.៥៧១ នាក់
បរទេស ៖ ចំនួនអ្នកស្លាប់ ដោយសារការតវ៉ាទូទាំងប្រទេស នៅក្នុងប្រទេសអ៊ីរ៉ង់បានកើនលើសពី ២.៥០០ នាក់ហើយ នេះបើយោង តាមសកម្មជន ខណៈដែលជនជាតិអ៊ីរ៉ង់ បានធ្វើការហៅទូរស័ព្ទ ទៅក្រៅប្រទេស ជាលើកដំបូង ក្នុងរយៈពេលប៉ុន្មាន ថ្ងៃថ្ងៃអង្គារ បន្ទាប់ពីអាជ្ញាធរបានកាត់ផ្តាច់ការ ទំនាក់ទំនងក្នុងអំឡុង ពេលបង្ក្រាបលើក្រុមបាតុករ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើង ដល់យ៉ាងហោចណាស់ ២.៥៧១ នាក់ នៅព្រឹកថ្ងៃពុធ ដូចដែលបានរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្តល់ការទទួលស្គាល់ជាផ្លូវការលើកដំបូងអំពីការស្លាប់ ដោយដកស្រង់សម្តីមន្ត្រីម្នាក់ដែលនិយាយថា ប្រទេសនេះមាន “អ្នករងគ្រោះជាច្រើន” ហើយថា ខ្លួនមិនបានចេញផ្សាយចំនួនអ្នកស្លាប់មុននេះទេ ដោយសារតែអ្នកស្លាប់រង របួសយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នោះ បានកើតឡើងបន្ទាប់ពីសកម្មជន បានរាយការណ៍ពីចំនួនអ្នកស្លាប់របស់ពួកគេ។
សូមជម្រាបថា បាតុកម្មបានចាប់ផ្តើម ជាងពីរសប្តាហ៍មុនបន្តិច ដោយសារកំហឹង ចំពោះសេដ្ឋកិច្ច ដែលកំពុងចុះខ្សោយ របស់ប្រទេសអ៊ីរ៉ង់ ហើយមិនយូរប៉ុន្មានបានកំណត់គោលដៅលើលទ្ធិទេវនិយម ជាពិសេសមេដឹកនាំកំពូលគឺលោក Ayatollah Ali Khamenei អាយុ ៨៦ ឆ្នាំ។ រូបភាពដែលទទួលបានកាលពីថ្ងៃអង្គារដោយសារព័ត៌មាន The Associated Press ពីបាតុកម្មនៅទីក្រុងតេអេរ៉ង់ បង្ហាញពីគំនូរលើជញ្ជាំង និងពាក្យស្លោក ដែលអំពាវនាវឱ្យមានការប្រហារជីវិតលោក Khamenei ដែលជាអ្វីមួយ ដែលអាចមានទោសប្រហារជីវិត៕
ប្រែសម្រួលៈ ណៃ តុលា
