ច្រកចេញចូលតែមួយ សាលារាជធានីភ្នំពេញ ផ្តល់សេវាជូនពលរដ្ឋគ្រប់ប្រភេទ បានជាង១១ម៉ឺនសេវា ក្នុងឆ្នាំ២០២៥ ខណៈទទួលបានថវិកា ជាង៦៩ប៊ីលានរៀល
ភ្នំពេញ៖ ពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានដំណើរ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកម្មវិធីប្រប្រឹត្តិទៅ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ។

យោងតាមរបាយការណ៍ សង្ខេប ស្តីពីការបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការងារអង្គភាព ច្រកចេញចូលតែមួយ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយ បានចំនួន ១១៦.៧២៧សេវា ដោយទទួល បានចំណូលសរុប ៦៩.៧៧៩.៨០០រៀល (ហុកសិបប្រាំបួនប៊ីលាន ប្រាំពីររយចិតសិប ប្រាំបួនលាន ពីររយប្រាំពីរពាន់ ប្រាំបីរយរៀល) ។
ដោយឡែក រដ្ឋបាលខណ្ឌទាំង១៤ ក៏បានផ្តល់សេវាសរុបចំនួន ៥៥៦.៧៧៨សេវា ជូនប្រជាពលរដ្ឋផងដែរ និងទទួលបានចំណូលថវិកា សរុប ចំនួន ៣.១៩១.៤៣៤.៥៨១រៀល៕
ដោយ៖ ដារាត់| ដើមអម្ពិល


