កសិករនៅបារាំង បើកត្រាក់ទ័រប្រហែល ៣៥០គ្រឿង ឆ្ពោះទៅសភាជាតិ តវ៉ារឿងចំណូលទាប និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប
បរទេស ៖ កសិករនៅក្នុងប្រទេសបារាំង បានបើកបរត្រាក់ទ័រប្រហែល ៣៥០ គ្រឿង នៅថ្ងៃអង្គារ ឆ្លងកាត់ផ្លូវក្រាលថ្ម នៅទីក្រុងប៉ារីស ឆ្ពោះទៅកាន់សភា ដើម្បីតវ៉ាប្រឆាំង នឹងប្រាក់ចំណូលទាប និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបជាមួយអាមេរិកខាងត្បូង ដែលពួកគេខ្លាចថា នឹងគំរាមកំហែងដល់ជីវភាព រស់នៅរបស់ពួកគេ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយមានប៉ូលីសអមដំណើរ ត្រាក់ទ័រទាំងនោះបានធ្វើឱ្យកកស្ទះចរាចរណ៍នៅម៉ោងមមាញឹក នៅពេលដែលពួកគេបើកបរចុះតាមដងផ្លូវ Champs-Elysees និងផ្លូវផ្សេងទៀតនៅទីក្រុងប៉ារីស ហើយបន្ទាប់មកឆ្លងកាត់ទន្លេ Seine ដើម្បីទៅដល់រដ្ឋសភា។
កំហឹងរបស់កសិករ នៅប្រទេសបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត បានកើនឡើង ដោយសារតែបញ្ហា ប្រឈមជាច្រើននាពេលថ្មីៗនេះ។ សហជីពដែលដឹកនាំការតវ៉ា នៅថ្ងៃអង្គារបាននិយាយថា ពួកគេកំពុងទាមទារ “សកម្មភាពជាក់ស្តែង និងបន្ទាន់” ដើម្បីការពារសន្តិសុខស្បៀង អាហាររបស់ប្រទេសបារាំង។
កសិករបារាំងនិយាយថា ប្រាក់ចំណូលរបស់ពួកគេកំពុង ត្រូវបានរឹតបន្តឹងដោយការកើនឡើង នៃថ្លៃដើមសម្រាប់ប្រេងឥន្ធនៈ ជី និងចំណីសត្វ ក៏ដូចជាអ្វីដែលពួកគេពិពណ៌នាថា ជាច្បាប់បរិស្ថានដែលកាន់តែធ្ងន់ធ្ងរជាង និងសម្ពាធតម្លៃពីអ្នកលក់រាយ និងក្រុមហ៊ុនម្ហូបអាហារដ៏មានឥទ្ធិពល ៕
ប្រែសម្រួលៈ ណៃ តុលា
