សម្តេចតេជោ ៖ សម្តេច ស ខេង បានចូលរួម ជាមួយរាជរដ្ឋាភិបាល ការពារទឹកដី ពេលថៃ ឈ្លានពានកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្នុងពេលយោធាថៃ បានធ្វើសង្គ្រាមឈ្លានពាន បូរណភាពទឹកដីកម្ពុជា សម្តេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ បានចូលរួមចំណែក ជាកម្លាំងមហាសាមគ្គីដ៏ស្អិតរមួត ជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទឹកដី។
យោងតាមសារលិខិតផ្ញើ ជូនសម្តេច ស ខេង ក្នុងពិធីចម្រើនជន្មាយុ សម្តេចតេជោ បានជូនពរ សម្តេច ស ខេង ទទួលបានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តរួមចំណែកជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាព។

សម្តេចតេជោបន្តថា ក្នុងកាលៈទេសៈ នៃការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យភាពជាតិកម្ពុជា សម្តេច ស ខេង បានចូលរួមជាកម្លាំងមហាសាមគ្គីជាតិ ដ៏ស្អិតរមួតវេញជាធ្លុងមួយ រួមនឹងវីរកងទ័ព វីរនគរបាល ប្រកៀកស្មាគ្នា គាំទ្រដោយជឿជាក់យ៉ាងមុតមាំ លើយុទ្ធសាស្រ្តការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តស្នេហាជាតិ និងស្មារតីមោះមុតរបស់វីរយុទ្ធជនការពារព្រំដែន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។
ជាមួយគ្នានេះ សម្តេចតេជោ កោតសរសើរខ្ពស់ ចំពោះ សម្តេច ស ខេង ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម ដែលបានលះបង់ អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រឹងប្រែងបំពេញបេសកកម្ម នៅតាមបណ្តារាជធានី ខេត្ត ដើម្បីស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈមនៅមូលដ្ឋានផ្ទាល់ ។ ក្នុងនោះ សម្តេច ស ខេង ក៏បានព្យាយាមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងសម្រាប់ប្រជាជនខ្មែរ បានរស់នៅរួមគ្នាយ៉ាងសុខដុមរមនា ក្រោមម្លប់សន្តិភាព ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ៕
