ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេស របស់យូអិន ជួបជាមួយនឹងតំណាងក្រុមហ៊ូទី ដើម្បីពិភាក្សាការងារដោះលែង បុគ្គលិកយូអិនជាច្រើននាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាបេសកជនពិសេស របស់អង្គការសហប្រជាជាតិ លោក Hans Grundberg កាលពីថ្ងៃអង្គារបាន ជួបជាមួយប្រធានអ្នកចរចា Mohammed Abdulsalam នៃក្រុមសកម្មប្រយុទ្ធហ៊ូទី (Houthi) ក្នុងទីក្រុង Muscat រដ្ឋធានីនៃប្រទេសអូម៉ង់។

ប្រធានបទសំខាន់មួយគឺ ជោគវាសនារបស់បុគ្គលិក អង្គការសហប្រជាជាតិចំនួន៧៣នាក់ ដែលបន្តត្រូវបានឃុំខ្លួនដោយក្រុម Houthis ក្នុងប្រទេសយេម៉ែន ដោយអ្នកខ្លះចាប់តាំងពី ឆ្នាំ២០២១មកម្ល៉េះនេះបើយោងតាម លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

លោកបាននិយាយថាលោក Grundberg បានអំពាវនាវឱ្យមានការដោះលែងបុគ្គលិក ដែលត្រូវបានឃុំខ្លួនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយសង្កត់ធ្ងន់លើតម្រូវការគោរពសុវត្ថិភាព របស់បុគ្គលិកអង្គការសហប្រជាជាតិទាំងអស់ មិនថាពួកគេជាបុគ្គលិកជាតិ ឬអន្តរជាតិក៏ដោយ។

លោក Dujarric បាននិយាយទៀតថា៖ យើងនឹងបន្តទាមទារ ឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃបុគ្គលិក ផ្សេងទៀតទាំងអស់ពីអង្គការ មិនមែនរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុក សង្គមស៊ីវិល និងអ្នកដែលធ្លាប់បម្រើបេសកកម្មការទូត ។

អ្នកនាំពាក្យដដែលរូបនេះ បានកត់សម្គាល់ទៀតថា បេសកជនពិសេសក៏បានពិភាក្សាជាមួយតំណាង Houthi ផ្លូវឆ្ពោះទៅរកការសន្ទនានយោបាយ និងបញ្ជាក់សារជាថ្មីអំពីការបន្តការចូលរួមរបស់ អង្គការសហប្រជាជាតិជាមួយគ្រប់ភាគីដើម្បីគាំទ្រ ការវិលត្រឡប់ទៅកាន់ដំណើរការនយោបាយ ដែលរួមបញ្ចូលគ្នានោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top