រថយន្តដែលឈប់ ចតបង្កការលំបាក សម្រាប់អ្នកធ្វើដំណើរលើដងផ្លូវ បំពាក់ភ្លេីងខុសលក្ខណៈបច្ចេកទ្ទេសពេលយប់បានសមត្ថកិច្ច នគរបាល ចុះធ្វើការណែនាំពន្យល់និងអប់រំ
នៅព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន ដែលមាន លោកវរសេនីយ៍ឯក ចាន់ សុធី ជានាយការិយាល័យ ចុះទៅចំណុច ដែលមានការប្រមូលផ្តុំ ដោយរថយន្តធុនធំច្រើនគ្រឿង ឈប់ចតលើដងផ្លូវ នៅផ្លូវបំបែកហាយវេ ក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ កិច្ចការនេះ គឺដើម្បីធ្វើការអប់រំ ណែនាំពួកគាត់ កុំឱ្យបន្តសកម្មភាពឈប់ ចតបន្តគ្នា បង្កឱ្យមានការលំបាកសម្រាប់បងប្អូន ដែលលោកធ្វើដំណើរឆ្លងកាត់នៅចំណុចនោះទាំងពេលថ្ងៃនិងពេលយប់។

ក្រៅពីបញ្ហាដូចខាងលើ នាពេលកន្លងមកសមត្ថកិច្ចនគរបាល ក៏បានទទួលនូវមតិយោបល់ របស់បងប្អូនដែលលោក ធ្វើដំណើរឆ្លងកាត់ ចំណុចខាងលើនេះ ដោយការឈប់ចត នៃរថយន្តធុនធំច្រើនគ្រឿងផង និងការបើកភ្លើង ដែលបំពាក់លើរថយន្តធុនធំទាំងនោះទាំងខាងលើ ខាងក្រោយនិងខាងមុខ (ភ្លើងប្រដេញច្រើនពណ៌) បង្កការរំខាន សម្រាប់អ្នកបញ្ជាយាន្តពីខាងក្រោយ ។ នៅក្នុងជំហ៊ានដំបូង នៃចំណាត់ការអប់រំណែនាំ ដោយមន្រ្តីនគរបាលចរាចរណ៍លើ អ្នកបើកបរពេលនេះ សង្ឃឹមថា អ្នកបើកបរ និងចូលរួមគោរពនិងអនុវត្តដោយត្រឹមត្រូវ និងបញ្ឈប់នូវបញ្ហា ដែលកើតមានកន្លងមក មិនថាចំណុចមួយនេះទេ ក៏ប៉ុន្តែសម្រាប់ចំណុចផ្សេងទៀតដែលកើតមាន បញ្ហាដូចគ្នានេះ ហើយសមត្ថកិច្ចនគរបាលសូមអរគុណ ចំពោះការចូលរួមនូវមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ដែលបានលើកឡើង នូវបញ្ហាផ្សេងៗដើម្បីជាមូលដ្ឋានក្នុងការចាត់វិធានការ ដោះស្រាយជូនទាន់ពេលវេលា ៕ ប្រភព: ស្នងការនគរបាលខេត្តបាត់ដំបង








