ព័ត៌មានជាតិ

ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារសម្រេច បានសមទ្ធផលយ៉ាងល្អ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម និងទេសចរណ៍

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម និងទេសចរណ៍ ។

ការគូសបញ្ជាក់របស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ។

ក្នុងឱកាសលោក ឃួង ស្រេង បានលើកថា នៅក្នុងឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្តល់សេវាជូនជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ធនធានមនុស្ស ស្របទៅតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ។ ចំពោះសមិទ្ធផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន មានដូចជា ការកសាងអភិវឌ្ឍន៍ជាប្រចាំ មាន ផ្លូវ ទឹកស្អាត អគ្គីសនី បណ្តាញទូរគមនាគមន៍ សួនច្បារ ផ្លូវក្រោមដី ស្ពានអាកាស ស្ពានឆ្លងទន្លេ និងប្រព័ន្ធលូ ប្រឡាយ ដែលបានធ្វើឱ្យការរំដោះទឹក កែលម្អរសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាប្រចាំ រៀបចំសួនខាងជើងក្រុងជាដើម។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ការថែរក្សាសន្តិសុខ សុវត្ថិភាព កម្លាំងមានសមត្ដកិច្ច អនុវត្តការងារបានល្អ ទាំងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែស៊ីសងគ្រប់ប្រភេទ ដោយយើងបង្ក្រាបបទល្មើស បាន៤៦៣ករណី លើ៤៧៣ករណី ថយចុះ១០ករណី បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បានចំនួន៤៤ករណី។

ដោយឡែកការងារទេសចរណ៍វិញ រាជធានីភ្នំពេញ បានកែច្នៃតំបន់ទេសចរណ៍ ឱ្យមានលក្ខណៈសំបូរបែប ដោយទទួលបានភ្លៀវទេសចរណ៍ អន្តរជាតិ បានប្រមាណ៨ម៉ឺនទៅ១០ម៉ឺននាក់ សំរាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ នៅផ្លូវថ្មើរជើងចតុមុខ walk street រហូតមានភាពល្បីល្បាញ និងទាក់ទាញដល់ឆាកអន្តរជាតិ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top