ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីដាណឺម៉ាក និងហ្គ្រីនឡែន បញ្ជាក់ជាថ្មីអំពីឯកភាព និងការបដិសេធការ ទាមទារពីខាងក្រៅ

អូស្លូ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងនាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក Jens-Frederik Nielsen បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា មួយនៅរសៀលថ្ងៃអង្គារ ដោយបានថ្លែងនូវការបដិសេធយ៉ាងម៉ឺងម៉ាត់ និងឯកភាពចំពោះការទាមទារ ពីខាងក្រៅលើកោះហ្គ្រីនឡែន ។

លោកស្រី Frederiksen បានកំណត់ជំហរនេះថា ជាបញ្ហានៃគោលការណ៍ជាមូលដ្ឋាន។ លោកស្រីបានឲ្យដឹងថា “នេះមិនត្រឹមតែអំពីហ្គ្រីនឡែន ឬអំពីព្រះរាជាណាចក្រនោះទេ។ វានិយាយអំពីការពិត ដែលថាព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះទេ ថាមនុស្សម្នាក់មិនអាចទិញបាននោះទេ ហើយវានិយាយអំពីការធានាថា ប្រទេសតូចៗមិនគួរខ្លាចប្រទេសធំៗនោះទេ”។

លោកស្រីបានប្រកាសថា “យើងកំពុងក្រោកឈរឡើង មិនត្រឹមតែសម្រាប់ខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សណ្តាប់ធ្នាប់ពិភពលោក ដែលមនុស្សជំនាន់មុន បានកសាងលទ្ធិប្រជាធិបតេយ្យរបស់យើង” ដោយសង្កត់ធ្ងន់លើចំណងដែលមិនអាចបំបែកបាននៅក្នុងអាណាចក្រដាណឺម៉ាក។ បន្ទាប់មក លោកស្រី Frederiksen បានងាកមកនិយាយទៅកាន់ប្រជាជនហ្គ្រីនឡែន ដោយផ្ទាល់តាមរយៈកាមេរ៉ាថា “ប្រជាជនហ្គ្រីនឡែនជាទីស្រឡាញ់ អ្នកគួរតែដឹងថា យើងឈរជាមួយគ្នា”។

ទន្ទឹមនឹងនេះ លោក Nielsen បានឲ្យដឹងថា “ហ្គ្រីនឡែនមិនមែនសម្រាប់លក់នោះទេ”។ លោកបានបន្ថែមថា «គោលដៅ និងបំណងប្រាថ្នារបស់យើង នៅតែជាការសន្ទនា ដោយសន្តិវិធីដោយផ្អែកលើកិច្ចសហប្រតិបត្តិការ ដោយគោរពជំហររដ្ឋធម្មនុញ្ញរបស់យើង ច្បាប់អន្តរជាតិ សិទ្ធិរបស់យើង ចំពោះដីធ្លីផ្ទាល់ខ្លួន និងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង»។

លោក បានគូសបញ្ជាក់ថា «ប៉ុន្តែមានរឿងមួយដែលមនុស្សគ្រប់គ្នាត្រូវតែយល់៖ ហ្គ្រីនឡែន នឹងមិនត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិកនោះទេ ឥឡូវនេះយើងកំពុងប្រឈមមុខនឹងវិបត្តិភូមិសាស្ត្រនយោបាយ ហើយប្រសិនបើយើងត្រូវតែជ្រើសរើសរវាងសហរដ្ឋអាមេរិក និងដាណឺម៉ាកនៅពេលនេះ យើងជ្រើសរើសប្រទេសដាណឺម៉ាក»៕
ប្រែសម្រួល ឈូក បូរ៉ា

To Top