រាជរដ្ឋាភិបាលបង្កើតក្រុមការងារ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ព្រលានយន្តហោះពោធិ៍ចិនតុង
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅថា ព្រលានយន្តហោះពោធិ៍ចិនតុង ។ នេះបើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងដែលត្រូវបានបង្កើតនៅឆ្នាំ១៩២៤ កាលពីសម័យអាណានិគមបារាំង ហើយត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣នោះ ត្រូវបានបិទដំណើរការនៅម៉ោង១២រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីព្រលានយន្តហោះតេជោអន្តរជាតិបើកដំណើរការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលទាំងអាណត្តិមុននិងអាណត្តិថ្មីនេះ ពុំមានគោលការណ៍លក់ ឬដោះដូរដីធ្លីទីតាំងព្រលានយន្តពោធិ៍ចិនតុងទៅក្រុមហ៊ុនឯកជនជាដាច់ខាត ។
ដោយដីធ្លីនៅតំបន់ព្រលានហោះយន្តហោះពោធិ៍ចិនតុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល ដែលជាសេនាធិការរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណៈជន ដោយសារព្រលានយន្តពោធិ៍ចិនតុង ជាស្នាព្រហស្តរបស់អតីតព្រះមហាក្សត្រកម្ពុជា គឺព្រះបរមរតនកោដ្ឋ ៕
