ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្ដរមានជ័យ ស្នើ AOT ពាំនាំស្ថានភាពពិតនៃទុក្ខលំបាក របស់ប្រជាពលរដ្ឋ ពីការវាយប្រហាររបស់ថៃ និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌

ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តឧត្ដរមានជ័យ បានស្នើ AOT ពាំនាំស្ថានភាពពិតនៃទុក្ខលំបាក របស់ប្រជាពលរដ្ឋ ពីការវាយប្រហាររបស់ថៃ និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌។

នៅលើគណនីហ្វេសប៊ុកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោក ម៉េត មាសភក្ដី បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «ទទួលភារកិច្ចពីឯកឧត្ដមអភិបាលខេត្ត ខ្ញុំរួមជាឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ បានចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង និងទីតាំងសាធារណៈ ទីតាំងឯកជន ផ្ទះសម្បែងប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងយោធាថៃនាពេលកន្លងមក»។

លោកបញ្ជាក់ថា «បន្ទាប់ពីបានពិនិត្យវាយតម្លៃជាក់ស្តែងរបស់ក្រុម AOT ខ្ញុំបានស្នើសុំឱ្យក្រុមការងារនេះ ពាំនាំស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាការរងគ្រោះ ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌»។

សូមរំលឹកថា ក្រោយបទឈប់បាញ់ចូលជាធរមាននៅម៉ោង១២ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បានចុះពិនិត្យដល់ទីតាំង ដែលរងការខូចខាត ដោយការវាយប្រហារទាំងកម្រោល របស់យោធាថៃមកលើកម្ពុជា ជាច្រើនកន្លែង ព្រមទាំងដាក់ទូកុងតឺន័រ រាយលួសបន្លា និងវាយកម្ទេចផ្ទះសម្បែងពលរដ្ឋស្លូតត្រង់កម្ពុជា៕

To Top