ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៥.១០១នាក់ បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ៥.១០១នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹក បន្តស្នាក់នៅជំរំមានចំនួន ១៥០.១៤៦នាក់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។

ជារួម មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង យកចិត្តទុកដាក់ និង តាមដាន សភាពការណ៍វិវត្តន៍​ នៅសមរភូមិមុខ ជាប់ជាប្រចាំ និងប្រកៀកស្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់ ។ ជាមួយគ្នានេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រសួងក៏បានបន្តដាក់ចេញ វិធានការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកជំរុញការស្តារជីវភាព ប្រជាពលរដ្ឋឡើងវិញ ស្របតាមការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ដែលបានកំពុងពិនិត្យវាយតម្លៃ និងដោះស្រាយកិច្ចការអាទិភាពសំខាន់ៗ ក្នុងនោះរួមទាំង ការស្តារ ឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ស្ថានភាពបំណុល និងផលប៉ះពាល់ទៅលើផល ដំណាំរបស់ប្រជាពលរដ្ឋ។

ក្រសួង ក៏បាននិងកំពុងបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនៅតាមរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសការផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឡើងវិញជូនប្រជាពលរដ្ឋ ដែលបានបាត់បង់ ខូចខាត ឬផ្លាស់ទីលំនៅ៕

To Top