ព័ត៌មានជាតិ

លោក ចាន់ រតនា ៖ កម្ពុជា បន្តធ្វើការជាមួយហ្វីលីពីន ឈានទៅរកសន្តិភាព

ភ្នំពេញ ៖ អ្នកនាំពាក្យស្តីទី នៃក្រសួងការបរទេសកម្ពុជា បានថ្លែងថា ក្រសួងការបរទេស នឹងបន្តធ្វើការជាមួយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានថ្មី ដើម្បីស្វែងរកសន្តិភាព ក្នុងតំបន់អាស៊ាន ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោក ចាន់ រតនា អ្នកនាំពាក្យស្តីទី នៃក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ក្នុងអំឡុងពេលមានសង្គ្រាម ដែលបង្កឡើងដោយយោធាថៃ កម្ពុជាបានខិតខំប្រឹងប្រែង ធ្វើការជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ឆ្នាំ២០២៥ ដោយបានសហការគ្នាស្វែងរកសន្តិភាព ។ ទោះបីជាម៉ាឡេស៊ីបញ្ចប់អាណត្តិ ជាប្រធានអាស៊ានក៏ដោយ កម្ពុជានៅបន្តធ្វើការជាមួយប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានឆ្នាំ២០២៦នេះ ។

លោកសង្កត់ធ្ងន់ថា “នៅកម្រិតតំបន់ យើងនឹងបន្តធ្វើការ ជាមួយប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានថ្មីនាពេលបច្ចុប្បន្ន ហើយនឹងបន្តប្រើប្រាស់ យន្តការអាស៊ាន ដើម្បីជំរុញឈានទៅការ រកសន្តិភាព និងភាពសុខដុមរមនាយូរអង្វែង ក្នុងសហគមន៍អាស៊ាន ដើម្បីរក្សានិងលើកស្ទួយកិត្តិយសអាស៊ាន នៅកម្រិតអន្តរជាតិ” ។

អ្នកនាំពាក្យស្តីទីបន្ថែមថា ស្ថានបេសកកម្មរបស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងប្រចាំនៅអង្គការអន្តរជាតិផ្សេងៗបានធ្វើលិខិតសុំអន្តរាគមន៍ និងបានជួបពិភាក្សាដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំនៃអង្គការសំខាន់ៗដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធាននិងសមាជិកក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ អង្គការយូណេស្កូ ប្រធានកាកបាទក្រហមអង្គការ តំណាងជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិលំនៅឋានសមរម្យរបស់អង្គការសិទ្ធិមនុស្ស ។

លោក ចាន់ រតនាអះអាងថា នេះជាកិច្ចប្រឹងប្រែង របស់ក្រសួងការបរទេសក៏ដូចជា ស្ថានបេសកកម្មការទូតកម្ពុជា នៅទូទាំងពិភពលោក ដែលបានស្វះស្វែងរកជំនួយ ពីសហគមន៍អន្តរជាតិ សម្រាប់ដំណោះស្រាយតាមបែបការទូត ៕

To Top