អ៊ីរ៉ង់ អំពាវនាវឱ្យអង្គការ សហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសអាមេរិក ចំពោះការញុះញង់អំពើហិង្សា
តេអេរ៉ង់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសសហរដ្ឋអាមេរិកចំពោះការញុះញង់អំពើហិង្សា និងគំរាមកំហែងប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់លោក។
នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងឯកអគ្គរដ្ឋទូតសូម៉ាលីប្រ ចាំអង្គការសហប្រជាជាតិ លោក Abukar Dahir Osman ដែលបម្រើការជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែមករា លោក Iravani បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទញុះញង់អំពើហិង្សាដោយបើកចំហនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយដកស្រង់ការបង្ហោះរបស់លោក ត្រាំ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា “អ្នកស្នេហាជាតិអ៊ីរ៉ង់ សូមបន្តតវ៉ាគ្រប់គ្រងស្ថាប័នរបស់អ្នក!!! ជំនួយកំពុងមកដល់ហើយ”។
នៅក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានឲ្យដឹងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ប៉ុន្តែនៅតែបើកចំហសម្រាប់ការសន្ទនា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា យោធាអាមេរិក កំពុងពិចារណាលើ “ជម្រើសដ៏រឹងមាំ” ទាក់ទងនឹងអ៊ីរ៉ង់ ក្នុងអំឡុងពេលមានភាពចលាចលថ្មីៗនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera លោក Araghchi បានឲ្យដឹងថា “ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចង់សាកល្បងជម្រើសយោធាដែលខ្លួនបានសាកល្បងពីមុនមក យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់វា” ដោយបន្ថែមថា លោកសង្ឃឹមថា សហរដ្ឋអាមេរិក នឹងជ្រើសរើសការសន្ទនា។ លោកបានបន្ថែមថា ការទំនាក់ទំនងជាមួយអ្នកតំណាងពិសេសអាមេរិក លោក Steve Witkoff បានបន្តមុន និងក្រោយការតវ៉ា ហើយនៅតែបន្ត។
បទសម្ភាសន៍របស់លោក Araghchi បានកើតឡើងបន្ទាប់ពីការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការងាកទៅរក “ជម្រើសដ៏រឹងមាំមួយចំនួន” រួមទាំងសកម្មភាពយោធា ដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹង “ការបង្ក្រាប” របស់អ៊ីរ៉ង់ លើក្រុមបាតុករ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា មន្ត្រីអ៊ីរ៉ង់ បានទាក់ទងសហរដ្ឋអាមេរិក ដើម្បីស្នើការចរចា ដោយបន្ថែមថា “កិច្ចប្រជុំមួយកំពុងត្រូវបានរៀបចំឡើង”។
ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី ២៨ ខែធ្នូ។ ដំបូងឡើយ ការតវ៉ាទាំងនោះបានចាប់ផ្តើមជាមួយនឹងអាជីវករផ្សារតេអេរ៉ង់ ដែលធ្វើបាតុកម្មប្រឆាំងនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ណរៀលជាតិ និងការកើនឡើងនៃអតិផរណា មុនពេលរីករាលដាលដល់ទីក្រុងដទៃទៀត។ ភាពចលាចលនេះបាននាំឱ្យមានការស្លាប់ និងរបួសក្នុងចំណោមកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល ឈូក បូរ៉ា
