រុស្ស៊ី បញ្ជាក់ថា ការគំរាមកំហែងវាយប្រហារ ដោយយោធារបស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ជារឿងមិនអាចទទួល យកបាន
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ការគំរាមកំហែងពីសហរដ្ឋអាមេរិក ក្នុងការបើកការវាយ ប្រហារដោយ យោធាប្រឆាំងនឹងអ៊ីរ៉ង់គឺ “មិនអាចទទួលយកបានទាំងស្រុង” នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Zakharova បានឲ្យដឹងថា រុស្ស៊ីថ្កោលទោសយ៉ាងខ្លាំង ចំពោះការជ្រៀតជ្រែក ពីខាងក្រៅដ៏បំផ្លិចបំផ្លាញ នៅក្នុងដំណើរការនយោបាយផ្ទៃក្នុង នៅក្នុងប្រទេសអ៊ីរ៉ង់។ លោកស្រីបានបន្ដថា អ៊ីរ៉ង់ត្រូវបានទទួលរងនូវ ទណ្ឌកម្មខុសច្បាប់របស់លោកខាងលិចអស់ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានរារាំងដល់ការ អភិវឌ្ឍរបស់ប្រទេស និងបង្កើតបញ្ហាសេដ្ឋកិច្ច និងសង្គមដែលប៉ះពាល់ដល់ប្រជាជនអ៊ីរ៉ង់សាមញ្ញ។
លោកស្រី Zakharova បានបន្ថែមថា កម្លាំងខាងក្រៅដែលមានអរិភាព កំពុងព្យាយាមកេងប្រវ័ញ្ចភាពតានតឹង សង្គមក្នុងស្រុកដែលកំពុងកើន ឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើឱ្យអស្ថិរភាព និងបំផ្លាញរដ្ឋអ៊ីរ៉ង់។
យោងតាមអ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា វិធីសាស្ត្រ “បដិវត្តន៍ពណ៌” កំពុងត្រូវបានប្រើប្រាស់ ដើម្បីប្រែក្លាយការតវ៉ា ដោយសន្តិវិធីទៅជាភាពចលាចលដោយហិង្សា ការសម្លាប់រង្គាល និងការសម្លាប់មន្ត្រីអនុវត្តច្បាប់ និងជនស៊ីវិល។ លោកស្រីបានបញ្ជាក់ថា រុស្ស៊ីក៏បដិសេធ យ៉ាងដាច់អហង្ការចំពោះ “ការប៉ុនប៉ងដ៏ឃោរឃៅ ក្នុងការគំរាមកំហែងដៃគូ បរទេសរបស់អ៊ីរ៉ង់ ដោយការដំឡើងពន្ធពាណិជ្ជកម្ម”៕
ប្រែសម្រួល ឈូក បូរ៉ា
