លោក Trump បង្ហាញមូលហេតុបន្ថែមទៀត ដើម្បីទិញយកទឹកដី Greenland
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អាមេរិកត្រូវតែគ្រប់គ្រង លើទឹកដី Greenland ឲ្យខានតែបាន ដើម្បីជាប្រយោជន៍ដល់សន្តិសុខជាតិ ព្រោះកោះនេះមានសារៈសំខាន់សម្រាប់ ការសាងសង់ប្រព័ន្ធការពារមីស៊ីល Golden Dome ដែលធ្លាប់បានស្នើឡើង កន្លងមក។
សេចក្តីថ្លែងការណ៍របស់លោក Trump ទាក់ទងនឹង Greenland បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រធានាធិបតីអាមេរិកបានបង្កើនការទទូចកាន់តែខ្លាំងឡើងក្នុងការទទួលបានទឹកដីពីប្រទេសដាណឺម៉ាកដោយមធ្យោបាយណាមួយ ខណៈពេលដែលបានចង្អុលបង្ហាញអំពីលទ្ធភាព នៃការប្រើប្រាស់កម្លាំងដើម្បីបញ្ចូលកោះនេះទៀតផង។
លោកបានផ្តល់ហេតុផលថ្មីមួយកាលពីថ្ងៃពុធ ដោយលើកហេតុផលថាការគ្រប់គ្រង Greenland គឺចាំបាច់សម្រាប់ផែនការខែលការពារមីស៊ីលដែលហៅឈ្មោះថា Golden Dome របស់គាត់ដើម្បីសម្រេចបានលទ្ធផល។
លោក Trump បានសរសេរ នៅលើ Truth Social ថា ៖សហរដ្ឋអាមេរិកត្រូវការ Greenland សម្រាប់គោលបំណង សន្តិសុខជាតិ ។ វាមានសារៈសំខាន់ណាស់សម្រាប់ Golden Dome ដែលយើងកំពុងសាងសង់វា។ NATO គួរតែជាអ្នកដឹកដឹកនាំផ្លូវសម្រាប់យើងដើម្បីទទួលបានកិច្ចការងារនេះ ។
រំលឹកដែរថាលោកTrump បានប្រកាសពីគំនិតផ្តួចផ្តើម Golden Dome កាលពីដើមឆ្នាំមុនមកម្ល៉េះ។ ប្រព័ន្ធនេះ ដែលត្រូវបានគេរំពឹងថានឹងពាក់ព័ន្ធ នឹងធាតុផ្សំដែលមានមូលដ្ឋាន លើលំហអាកាស និងជម្រើសសម្រាប់ការធ្វើវាយប្រហារ ទុកជាមុនហើយដោយបានប៉ាន់ស្មានថា មានតម្លៃលើសពី៥៤២ ពាន់លានដុល្លារក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
