ព័ត៌មានជាតិ

លោក ហួត ហាក់ ៖ ក្រសួងទេសចរណ៍ ត្រៀមលក្ខណៈជាស្រេច ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរកាណាដា ដែលកើនឡើង ជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ លោក ហួត ហាក់​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ប្រាប់ លោក Christian DesRoches ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដា ពីការត្រៀមលក្ខណៈជាស្រេច របស់ក្រសួងទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ច និងវិស័យឯកជនរបស់កម្ពុជា ដើម្បីទាក់ទាញ និងឆើ្លយតបនឹងកំណើន ភ្ញៀវទេសចរកាណាដា ដែលរំពឹងនឹងកើនឡើង បន្ថែមទៀត នាឆ្នាំ២០២៦ ។

ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះធ្វើឡើង ក្នុងជំនួបជាមួយ លោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដា ក្នុងឱកាសចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការជំរុញកិច្ចសហប្រតិបត្តិ ទេសចរណ៍ទ្វេភាគី និងការរៀបចំព្រឹត្តការណ៍អម ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ក្នុងជំនួបខាងលើនេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីកិច្ចសហប្រតិ្តការដ៏ល្អ លើគ្រប់វិស័យជាមួយកម្ពុជាកន្លងមក និងការវិនិយោគធំៗ គួរជាទីមោទនៈរបស់វិនិយោគិនកាណាដា នៅកម្ពុជា ដូចជាធនាគារវឌ្ឍនៈអាស៊ី ឬស្គាល់ជាទូទៅថា ABA ដែលបានសម្រេចបណ្តាក់ទុន វិនិយោគ ផ្អែកលើសក្តានុពលវិនិយោគ និងទេសចរណ៍ ក៏ដូចជាថាមវន្ត នៃប្រជាជនកម្ពុជា និងបានគូសបញ្ជាក់ ពីជំហរគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការរៀបចំ “ភូមិហ្រ្វង់កូហ្វូន – Village Francophone” ដែលជាព្រឹត្តការណ៍អមដ៏សំខាន់ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលជានិច្ចជា កាលតែងតែជួយឧបត្តម្តគាំទ្រកម្ពុជា លើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ ស្តែងតាមរយៈ កំណើនភ្ញៀវទេសចរកាណាដា មកទស្សនាកម្ពុជា ដែលចេះតែកើនឡើង មិនឈប់ឈរជារៀងរាល់ឆ្នាំ រួមទាំងការបណ្តាក់ទុន ដោយផ្ទាល់របស់ធនាគារជាតិកាណាដា (National Bank of Canada) នៅកម្ពុជា ដែលបានផ្តល់ភាពងាយស្រួល ក្នុងការផ្តល់នូវសេវាកម្ម ទូទាត់ដល់ភ្ញៀវទេសចរ និងពាណិជ្ជករកាណាដា ធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។​

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការត្រៀមលក្ខណៈជាស្រេច របស់ក្រសួងទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ច និងវិស័យឯកជនរបស់កម្ពុជា ដើម្បីទាក់ទាញ និងឆើ្លយតបនឹង កំណើនភ្ញៀវទេសចរកាណាដា ដែលរំពឹងនឹងកើនឡើង បន្ថែមទៀត នាឆ្នាំ២០២៦ លើចំនួន ជិត ៤៥.០០០នាក់ នាឆ្នាំ២០២៥ កន្លងទៅនេះ តាមរយៈការពង្រឹងកិច្ចសហការ ជាមួយស្ថានទូត លើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ កតា្តសុខសុវត្ថភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានល្អប្រសើរ ព្រឹត្តការណ៍ជំរុញទេសចរណ៍ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top