ព័ត៌មានជាតិ

លោក ម៉ៅ ហាវណ្ណាល់ ៖ ស្លាកសញ្ញាថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បញ្ជាក់ពីតួនាទីកាន់តែសំខាន់ លើការបង្ហាញ អត្តសញ្ញាណជាតិខ្មែរ ទៅកាន់ពិភពលោក

ភ្នំពេញ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ស្លាកសញ្ញាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបញ្ជាក់នូវតួនាទី កាន់តែសំខាន់ថែមទៀត របស់ក្រុមហ៊ុនអាកសចរណ៍ជាតិ លើការបង្ហាញ អត្តសញ្ញាណជាតិខ្មែរ ទៅកាន់ពិភពលោកទាំងមូល ។

ការថ្លែងរបស់ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើឡើងក្នុងឱកាស សម្ពោធស្លាកសញ្ញា និងរចនាលើតួអាកាសយានថ្មី (New Logo and Aircraft Livery) របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។

ថ្លែងក្នុងឱកាសនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានសម្រេចនូវសមិទ្ធផលថ្មីមួយទៀត គឺការផ្លាស់ប្តូរស្លាកសញ្ញាថ្មី បន្ទាប់ពីបានផ្លាស់ប្តូរឈ្មោះរបស់ខ្លួន ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ មកជាក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ស្របតាមការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ និងការផ្លាស់ប្តូររចនាលើតួអាកាសយានថ្មី ជាមួយនឹងអាកាសយានប្រភេទ ATR72-600 ថ្មីស្រឡាង ដែលទើបនាំចូលយកមកប្រើប្រាស់ ពីរោងចក្រផលិតអាកាសយាន នៅប្រទេសបារាំង ។

ក្នុងនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ស្លាកសញ្ញាថ្មី របស់ក្រុមហ៊ុនអាសកាសចរណ៍ជាតិ ដែលបានទទួលការសម្រេច ពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ កាលពិថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់នូវតួនាទីកាន់តែសំខាន់ថែមទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ លើការបង្ហាញអត្តសញ្ញាណជាតិខ្មែរ ទៅកាន់ពិភពលោកទាំងមូល ព្រមទាំងបានឆ្លុះបញ្ចាំង នូវភាពរីកចម្រើនលើវិស័យអាកាសចរណ៍ស៊ីវិល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌ និងប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស”។

គួរឱ្យដឹងថា នៅក្នុងការរចនាស្លាកសញ្ញាថ្មីនេះ គឺបានយកអត្តសញ្ញាណ សត្វត្រយ៉ងជាស្នូល ដែលជាសត្វស្លាបតំណាង ជាតិកម្ពុជា មានលក្ខណៈការពាររឹងមាំ និង ទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ នៅពេលមានការធ្វើដំណើរហោះហើរ របស់សត្វត្រយ៉ង ស្លាបរបស់សត្វត្រយ៉ង ត្រូវបានរចនាចេញជាម៉ាស៊ីន អាកាសយាន ដោយមានមុខរណារបឺត ខ្យល់ចំនួន១៨ ដែលតំណាងឱ្យបច្ចេកវិទ្យា រក្សាលំនឹង និងការរីកចម្រើន ។ ចំណែកអត្តសញ្ញាណពណ៌ ត្រូវបានជ្រើសរើសមានបីពណ៌ ជាមូលដ្ឋាន គឺពណ៌ខៀវ ក្រហម និងស ដែលតំណាងឱ្យទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ការបង្ហាញរចនាថ្មីនេះ ធ្វើឡើងនៅលើតួយន្តហោះ ATR72-600 គ្រឿងទី៣ របស់ក្រុមហ៊ុន ដែលជាសញ្ញានៃការចាប់ផ្តើមថ្មី ដ៏មានអត្ថន័យ បង្ហាញពីមហិច្ឆតាថ្មី ដែលផ្សារភ្ជាប់អត្តសញ្ញាណជាតិ ជាមួយនឹងការហោះហើរតភ្ជាប់ កាន់តែទូលំទូលាយ នាពេលអនាគត៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top