អតិរេកពាណិជ្ជកម្មរបស់ចិន កើនឡើង ២០% ដល់កំណត់ត្រា ១,២ ពាន់ពាន់លានដុល្លារ ចំណែកក្រុមហ៊ុនផលិតរថយន្តចិន និងក្រុមហ៊ុនផលិតផ្សេងទៀត បានពង្រីកទីផ្សារនៅទូទាំងពិភពលោក
បរទេស៖ រដ្ឋាភិបាលបាននិយាយ កាលពីថ្ងៃពុធថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនបានកើនឡើងដល់កំណត់ត្រាជិត ១,២ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ទិន្នន័យគយបានបង្ហាញថា ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៥,៥% សម្រាប់រយៈពេលទាំងមូលនៃឆ្នាំមុនដល់ ៣,៧៧ ពាន់ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនផលិតរថយន្តចិន និងក្រុមហ៊ុនផលិតផ្សេងទៀតបានពង្រីកទីផ្សារនៅទូទាំងពិភពលោក។ ការនាំចូលមានស្ថេរភាពនៅ ២,៥៨ ពាន់ពាន់លានដុល្លារ។ អតិរេកពាណិជ្ជកម្មឆ្នាំ ២០២៤ មានចំនួនជាង ៩៩២ ពាន់លានដុល្លារ។
នៅក្នុងខែធ្នូ ការនាំចេញ របស់ប្រទេសចិនបានកើនឡើង ៦,៦% ពីឆ្នាំមុនគិតជាប្រាក់ដុល្លារ គឺល្អជាងការប៉ាន់ស្មាន របស់អ្នកសេដ្ឋកិច្ច និងខ្ពស់ជាងការកើនឡើង ៥,៩% ធៀបនឹងឆ្នាំមុនក្នុងខែវិច្ឆិកា។ ការនាំចូលក្នុងខែធ្នូបានកើនឡើង ៥,៧% ធៀបនឹងឆ្នាំមុន បើប្រៀបធៀបទៅនឹង ១,៩% ក្នុងខែវិច្ឆិកា។
អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនបានលើសពីកម្រិត ១ ពាន់ពាន់លានដុល្លារជាលើកដំបូងនៅក្នុងខែវិច្ឆិកា នៅពេលដែលអតិរេកពាណិជ្ជកម្មបានឈានដល់ ១,០៨ ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំមុន។
អ្នកសេដ្ឋកិច្ចរំពឹងថា ការនាំចេញនឹងបន្តគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះ ទោះបីជាមានការរបាំងពាណិជ្ជកម្ម និងភាពតានតឹងខាងភូមិសាស្ត្រ នយោបាយយ៉ាងណាក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា
