ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់”
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់” ជូនដល់ថ្នាក់ដឹកនាំក្រសួង, តំណាងក្រុមហ៊ុនឯកជននិងកងវិស្វកម្មដែលជាអ្នកទទួលការ អ្នកត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដោយផ្ទាល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាតម្រង់ទិសនេះ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើការបង្កើនគុណភាព និងប្រសិទ្ធភាពនៃការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យកាន់តែខ្ពស់និងប្រកបដោយភាពធន់ នៅទូទាំងប្រទេស។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសំណូមពរ អង្គសិក្ខាសាលាទាំងមូល យកចិត្តទុកដាក់និងសហការគ្នា ដោយចូលរួមពិភាក្សា ផ្តល់ជាមតិយោបល់ ព្រមទាំងចែករំលែកបទពិសោធន៍ ឱ្យបានសកម្មនិងផុលផុស ដើម្បីឱ្យសិក្ខាសាលា ដំណើរការ ទៅដោយរលូននិងទទួលបានជោគជ័យ ដូចការរំពឹងទុក។
អង្គសិក្ខាសាលា បានប្រព្រឹត្តទៅដោយមានបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន ៣ គឺ៖ ទី១. នីតិវិធីសិក្សាប្លង់លម្អិតលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ, ទី២. នីតិវិធីកិច្ចលទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, និងទី៣. ការស្ថាបនានិងការត្រួតពិនិត្យបច្ចេកទេសលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រកបដោយប្រសិទ្ធភាព។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផល សិក្ខាសាលាដោយ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីនីតិវិធី និងគោលការណ៍នានា នៃការសិក្សាបច្ចេកទេស និងការចុះត្រួតពិនិត្យផ្លូវជនបទ កិច្ចលទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។

ក្រោយពីស្តាប់របាយការណ៍ របស់លោក ជ្រាយ ប៉ុម រួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះគ្រប់សមាសភាពនៃអង្គសិក្ខាសាលាទាំងមូល ដែលបានចូលរួមយ៉ាងសកម្ម ធ្វើឱ្យសិក្ខាសាលាទាំងមូល ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសបានថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ។

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ នៅតែបន្តយកចិត្តទុកដាក់និងផ្តល់អាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទប្រកបដោយភាពធន់ដើម្បីបង្កើនការតភ្ជាប់ និងធានាបាននូវការប្រើប្រាស់ ឱ្យបានយូរអង្វែងដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុនិងជំរុញការធ្វើសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រវាងតំបន់ជនបទនិងទីក្រុង ផ្សាភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើកបន្ថែមទៀត ក្នុងគោលដៅចូលរួមសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមាន ប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០” ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ជូនដល់អង្គសិក្ខាសាលា សម្រាប់យកទៅអនុវត្តបន្ដក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាព ៕


