កម្ពុជាស្នើទៅថៃ បើកកិច្ចប្រជុំ JBC ដើម្បីចង់បានសន្តិភាពយូរអង្វែង
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា មូលហេតុដែលភាគីកម្ពុជាស្នើទៅភាគីថៃ ដើម្បីបើកកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដើម្បីចង់បានសន្តិភាពយូរអង្វែងនៅតាមបន្ទាត់ព្រំដែន។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ក្នុងស្មារតីគោរពសេចក្តីប្រកាសរួមអំពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ដែលបានឯកភាពគ្នារវាងកម្ពុជា-ថៃ និងចង់បានសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននេះហើយ ទើបបានជាភាគីកម្ពុជាបានដាក់សំណើរជាបន្តបន្ទាប់ទៅភាគីថៃ ដើម្បីអនុវត្តការវាស់វែង កំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់រហ័សជាក់លាក់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។
លោកបញ្ជាក់ថា “ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាមានឆន្ទៈយ៉ាងមោះមុតក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីដោយគោរពកិច្ចព្រមព្រៀងយ៉ាងស្មោះត្រង់បំផុត និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុត” ។
លោកបន្ថែមថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសេនាធិការរបស់រាជរដ្ឋាភិបាលទាំងអស់បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតឈប់ឈរដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយត្រឹមត្រូវ និងយុត្តិធម៌ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដាក់លិខិតស្នើទៅភាគីថៃ ដើម្បីបើកកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដែលកម្ពុជាបានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្ត សៀមរាប ប៉ុន្តែត្រូវបានភាគីថៃឆ្លើយតបនិងស្នើលើកពេលសាជាថ្មី ជាលើកទី២ ដោយលើកហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុងដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ-JBCភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើត ឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈនាពេលខាងមុខ៕
