ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៥.៨២០នាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៥.៨២០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង ៦សែន ៤ម៉ឺននាក់ មានជាង ៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ហើយពលរដ្ឋភៀសសឹក បន្តស្នាក់នៅជំរំមានចំនួន ១៤៤.៣២៦នាក់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។
ជារួម មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិង កំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍ នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់៕
