មេសិទ្ធិមនុស្ស ៖ ការដាក់ប្រអប់បណ្តឹង ក្នុងពន្ធនាគារ គឺគោរព និងការពារសិទ្ធិជនជាប់ឃុំ
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងថា ការដាក់ប្រអប់បណ្តឹងក្នុងពន្ធនាគារ គឺក្នុងគោលដៅលើកកម្ពស់ និងគោរពសិទ្ធិរបស់ជនជាប់ឃុំ ។

ការលើកឡើងរបស់ទេសរដ្ឋមន្រ្តី កែវ រ៉េមីនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្ថែម នៅពន្ធនាគាររាជធានីភ្នំពេញ និងមណ្ឌលអប់រំកែប្រែទី១ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តីបញ្ជាក់ថា ការដាក់ប្រអប់បណ្តឹងនេះ គឺក្នុងគោលដៅលើកកម្ពស់ការគោរព និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ជនជាប់ឃុំ ក៏ដូចជាការការពារ នូវកិត្តិយសមុខមាត់របស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងឆាកអន្តរជាតិ ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ នូវរាល់ព័ត៌មានទុច្ចរិត ញុះញង់ និងបំភ្លៃខុសពីការពិត នៃស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារ។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ដែលបានចូលរួមសហការក្នុងការការពារ និងលើកស្ទួយសិទ្ធិមនុស្ស នៅកន្លែងឃុំឃាំង ជាពិសេសការមិនរើសអើង និងមិនប្រើអំពើហិង្សា លើជនជាប់ឃុំដោយប្រកាន់ខ្ជាប់ នូវការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ទេសរដ្ឋមន្ត្រីក៏បានស្នើសុំឲ្យជនជាប់ឃុំ ទាំងអស់ខិតខំកសាងខ្លួន ស្តាប់ និងគោរពតាមបទបញ្ជារបស់ពន្ធនាគារ ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិវិញ ៕
