ព័ត៌មានជាតិ

លោកប៉ែន បូណា ៖ ក្រុមការងារចំពោះកិច្ច កំពុងសកម្មចុះវាយតម្លៃផលប៉ះពាល់ពីការវាយបំផ្លាញដោយយោធាថៃ

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា ក្រុមការងារចំពោះកិច្ចបង្កើតឡើងដោយរាជរដ្ឋាភិបាល កំពុងមមាញឹកចុះវាយតម្លៃផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការបំផ្លាញ ដោយទាហានថៃនៅតាមបណ្តាខេត្តមួយចំនួនជាប់ព្រំដែន។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃក្រោយមានបទឈប់បាញ់ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា មានប្រសាសន៍ថា ក្នុងអំឡុងពេល ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បាននិងកំពុងចុះបំពេញការងារយ៉ាងសកម្ម ដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការបំផ្លិចបំផ្លាញ ដោយការវាយប្រហាររបស់ទាហានថៃដោយបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាកាលពីថ្ងៃ៧ដល់២៧ធ្នូ ។

ឯកឧត្តមបន្តថា “លទ្ធផលនៃការវាយតម្លៃនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរងការខូចខាតឱ្យបានឆាប់បំផុត” ។

នាំពាក្យបន្ថែមថា ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងស៊ីវិលមួយចំនួនក្នុងខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់ ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ៕

To Top