ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្ដរមានជ័យ នឹងរៀបចំឱ្យពលរដ្ឋភៀសសឹកពីសង្កាត់អូរស្មាច់ ត្រឡប់ចូលលំនៅឋានវិញ ជាជំហានៗ

ឧត្ដរមានជ័យ៖ ក្រោមការគិតគូរខ្ពស់ពីសុខុមាលភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋជាចម្បង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារប្រជុំវាយតម្លៃស្ថានភាពជាក់ស្ដែង និងរៀបចំផែនការ ផ្ដល់សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់ ដែលបានជម្លៀសខ្លួនបណ្ដោះអាសន្ន ឱ្យត្រឡប់មករស់នៅ គេហដ្ឋានវិញដោយភាពកក់ក្ដៅ។

លោក មាន ចាន់យ៉ាដា បានធ្វើការពិភាក្សាដោះស្រាយយ៉ាងហ្មត់ចត់ ជាមួយមន្ត្រីជំនាញ ពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីធានាថាគ្រប់ច្រកល្ហក ក្នុងសង្កាត់អូរស្មាច់ ត្រូវបានគ្រប់គ្រង ដោយសុវត្ថិភាព គ្មានការរំខាន ឬហានិភ័យណាមួយកើតឡើងជាថ្មី ជាពិសេសពិនិត្យមើលស្ថានភាពផ្ទះសម្បែងនិងការផ្គត់ផ្គង់ទឹក-អគ្គិសនី ដើម្បីឱ្យការរស់នៅឡើងវិញរបស់ពលរដ្ឋ មានភាពងាយស្រួល និងការត្រៀមលក្ខណៈ ផ្នែកវេជ្ជសាស្ត្រ ការបង្ការនានា ប្រសិនបើមានតម្រូវការចាំបាច់ក្នុងអំឡុងពេល ពលរដ្ឋត្រឡប់មកវិញផងដែរ។

លោក មាន ចាន់យ៉ាដា ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់ ត្រូវឈរជើងប្រចាំការ24/24ម៉ោង ដើម្បីការពារសន្តិសុខជូនបងប្អូន។ ចំពោះបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ គឺជាបន្ទុកដែលអាជ្ញាធរត្រូវដោះស្រាយភ្លាមៗ ដោយមិនត្រូវទុកឱ្យបងប្អូនមានអារម្មណ៍ ភ័យខ្លាច ឬឯកោឡើយ”។

គួរបញ្ជាក់ផងដែរថា ការសម្រេចឱ្យប្រជាពលរដ្ឋត្រឡប់មកលំនៅឋានវិញនេះ នឹងត្រូវធ្វើឡើងជាជំហានៗ ដើម្បីធានាថាមិនមានការគំរាមកំហែង ណាមួយដល់អាយុជីវិត និងទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋឡើយ៕

To Top