លោកស្រី Maria Corina Machado អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពវេណេស៊ុយអេឡា ប្រគល់ពានរង្វាន់របស់ខ្លួនឱ្យលោក ដូណាល់ ត្រាំ ហើយថា យើងអាចពឹងផ្អែកលើប្រធានាធិបតី ត្រាំ
បរទេស៖ អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពវេណេស៊ុយអេឡា គឺលោកស្រី Maria Corina Machado ដែលបានគាំទ្រដោយបើកចំហចំពោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសដែលដឹកនាំដោយសង្គមនិយមរបស់លោកស្រី គឺ បានប្រគល់មេដាយរបស់ខ្លួនទៅឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកចង់បានពានរង្វាន់នេះជាសាធារណៈជាយូរមកហើយ ប៉ុន្តែគណៈកម្មាធិការណូបែលបានបញ្ជាក់យ៉ាងច្បាស់កាលពីសប្តាហ៍មុនថា ទោះបីជាមេដាយផ្លាស់ប្តូរម្ចាស់ក៏ដោយ តំណែងរបស់អ្នកទទួលរង្វាន់សន្តិភាព “មិនអាចដកហូត ចែករំលែក ឬផ្ទេរទៅឱ្យអ្នកដទៃបាននោះទេ”។
លោកស្រី Maria Corina Machado បានប្រាប់អ្នកគាំទ្របន្ទាប់ពីការពិភាក្សាបិទទ្វារជាមួយលោក ត្រាំ នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំបានប្រគល់មេដាយដល់ប្រធានាធិបតីសហរដ្ឋអាមេរិក គឺរង្វាន់ណូបែលសន្តិភាព”។
លោក ត្រាំ បាននិយាយនៅក្នុងសារខ្លីមួយនៅលើ Truth Social ថា “ លោកស្រី Maria Corina Machado បានប្រគល់រង្វាន់ណូបែលសន្តិភាពរបស់ខ្លួនសម្រាប់ការងារដែលខ្ញុំបានធ្វើ។ វាជាកាយវិការដ៏អស្ចារ្យនៃការគោរពគ្នាទៅវិញទៅមក”។
លោកស្រី Maria Corina Machado ដែលពីមុនបានដឹកនាំការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងបានចោទប្រកាន់លោក ម៉ាឌូរ៉ូ ថា “លួច” ការបោះឆ្នោតឆ្នាំ ២០២៤ ពីនាង បានប្រាប់អ្នកគាំទ្រដែលអបអរសាទរថា “យើងអាចពឹងផ្អែកលើប្រធានាធិបតី ត្រាំ”៕
ប្រែសម្រួលៈ ណៃ តុលា
