ព័ត៌មានជាតិ

លោក ខូយ រីដា អញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងស្រុកវាលវែង ប្រមាណ ៣២៤នាក់ នៅបរិវេណវិទ្យាល័យហ៊ុន សែន ប្រម៉ោយ

ពោធិ៍សាត់៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទូទាំងស្រុកវាលវែង ប្រមាណ ៣២៤នាក់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។

លោក ខូយ រីដា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុត ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងស្រុកវាលវែងទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងបង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងសីលធម៌ដ៏ល្អប្រសើរ។

លោកអភិបាលខេត្តបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ បានកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាអាទិភាពខ្ពស់បំផុត ក្នុងចំណោមអាទិភាពទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយគោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺបង្កើតនូវ «សាលារៀនគំរូ» ដែលមានគុណភាពពិតប្រាកដ ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ មានចំណេះដឹង និងជំនាញច្បាស់លាស់ អាចប្រកួតប្រជែងក្នុងទីផ្សារការងារ និងឈានទៅចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនបាន។

លោកអភិបាលខេត្ត បានលើកឡើងថា គ្រូបង្រៀន គឺជាវិស្វករនៃព្រលឹងដ៏មានតម្លៃបំផុត, បើគ្រូបង្រៀនមានគុណភាព មានផ្នត់គំនិតស្រលាញ់ និងសាមគ្គីភាពជាតិខ្មែរតែមួយដ៏រឹងមាំ នោះសិស្សដែលជាសសរទ្រូងជាតិ ក៏នឹងរឹងមាំដូចគ្នា។ ក្រៅពីកិច្ចការងារផ្ទេរចំណេះដឹងដល់សិស្សហើយនោះ លោកគ្រូ អ្នកគ្រូ ត្រូវពង្រឹង និងគិតគូរពីការដឹកនាំចលនារៀបចំបរិស្ថានសិក្សាឱ្យបានស្អាតល្អ ព្រោះថាការរៀបចំបរិស្ថានសិក្សា គឺជាកត្តាជម្រុញដ៏សំខាន់ ដែលធ្វើឱ្យសិស្សចង់រៀន និងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចបណ្តុះបំនិន ដល់សិស្សបានកាន់តែប្រសើរឡើង។

លោក ខូយ រីដា បានលើកឡើងទៀតថា ក្នុងអាណត្តិដឹកនាំខេត្ត បានរយៈពេលជាង៣ឆ្នាំមកនេះ លោកបានប្តេជ្ញាចិត្តខ្ពស់ ជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ថានឹងធ្វើឱ្យខេត្តពោធិ៍សាត់ ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ។ ជាក់ស្តែងលោកគ្រូ អ្នកគ្រូបានឃើញហើយថា សមិទ្ធផលថ្មីៗបានកើតមានជាហូរហែរ ដូចជាភ្លើងបំភ្លឺផ្លូវសាធារណៈ តាមទីប្រជុំជនក្រុង ស្រុក ក៏ដូចជាផ្លូវជាតិ ផ្លូវជនបទ, ការដឹកនាំចលនារៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន, ការដោះស្រាយ និងចាក់ពង្រីកច្រាំងស្ទឹង…។ល។ ចំពោះការអភិវឌ្ឍខេត្តនេះទៀតសោធ មិនមែនជាភារកិច្ចផ្ទាល់ខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែវាគឺជាការរួមគ្នារវាង រដ្ឋ និងរាស្ត្រ, ដូច្នេះឯកឧត្តមសូមឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ចូលរួមគាំទ្រដើម្បីឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនឈានឡើង។

លោកអភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកកិច្ចការការពារ បូរណភាពទឹកដី និងស្ថិរភាពតាមព្រំដែន គឺជាអាទិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការសន្តិវិធីជាចម្បង ដើម្បីការពារបូរណភាពទឹកដីផង និងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផង។

ក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរមួយរូប លោកសូមឱ្យលោកគ្រូ អ្នកគ្រូ ត្រូវពួតដៃគ្នា រួបរួមជាតិ ឯកភាពជាតិ ជាកម្លាំងមហាសាល និងគាំទ្រប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិយើង៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន/ដើមអម្ពិល

To Top