ព័ត៌មានអន្តរជាតិ

មេដឹកនាំចិន និងកាណាដា សន្យាថា នឹងធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើង បន្ទាប់ពីមានភាព មិនចុះសម្រុងគ្នា អស់រយៈពេលជាច្រើនឆ្នាំ

បរទេស៖ ដោយប្រឈមមុខនឹងបញ្ហា ប្រឈមថ្មីៗជាសកល មេដឹកនាំចិន និងកាណាដា បានសន្យានៅថ្ងៃសុក្រនេះថា នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេស ទាំងពីរកាន់តែប្រសើរឡើង បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាអស់រយៈពេលជាច្រើនឆ្នាំ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានប្រាប់លោក នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី ដែលកំពុងទស្សនកិច្ចថា លោកមានឆន្ទៈបន្តធ្វើការ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើង ដោយកត់សម្គាល់ថា ការចរចាកំពុងដំណើរការ លើការស្តារ និងចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡើងវិញ ចាប់តាំងពីប្រទេសទាំងពីរ បានធ្វើកិច្ចប្រជុំដំបូងកាលពីខែតុលា នៅខាងក្រៅសន្និសីទសេដ្ឋកិច្ចតំបន់មួយ នៅប្រទេសកូរ៉េខាងត្បូង។

មេដឹកនាំកំពូលរបស់ចិន បាននិយាយថា “អាចនិយាយបានថា កិច្ចប្រជុំរបស់យើង កាលពីឆ្នាំមុន បានបើកជំពូកថ្មីមួយក្នុង ការបង្វែរ ទំនាក់ទំនងចិន-កាណាដា ឆ្ពោះទៅរកភាពប្រសើរឡើង”។

លោក ខានី ដែលជានាយករដ្ឋមន្ត្រីកាណាដាដំបូងគេ ដែលបានទៅទស្សនកិច្ច ប្រទេសចិនក្នុងរយៈពេលប្រាំបីឆ្នាំ បាននិយាយថា ទំនាក់ទំនងកាន់តែប្រសើរឡើង នឹងជួយកែលម្អប្រព័ន្ធគ្រប់គ្រងសកល ដែលលោកបានពិពណ៌នាថា “ស្ថិតនៅក្រោមភាពតានតឹងយ៉ាងខ្លាំង”។

លោកបានអំពាវនាវ ឱ្យមានទំនាក់ទំនងថ្មីមួយ “ដែលសម្របខ្លួនទៅនឹងការពិតសកលថ្មី” និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម ថាមពល និងហិរញ្ញវត្ថុ៕

To Top