ព័ត៌មានជាតិ

ក្រសួងការងារ ៖ ឱកាសការងារនៅសល់ជិត ៩ម៉ឺនកន្លែងទៀត កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅសល់ឱកាសការងារជិត ៩ម៉ឺនកន្លែងទៀត កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។

ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី១៦ ខែមករាថា នៅសល់ឱកាសការងារចំនួន ៨៧ ៩៨១កន្លែងទៀត នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូន ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូន អតីតពលករ ត្រឡប់មកពីប្រទេសថៃ។

ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម ហើយរាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញមានចំនួន ២៥ ០៧៩កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន ២៣ ៥១៥កន្លែង, ខេត្តកណ្ដាលមានចំនួន ១២ ០២១កន្លែង, ខេត្តតាកែវមានចំនួន ៨ ៧៧៧កន្លែង និងខេត្តស្វាយរៀងមានចំនួន ៥ ៧៧៤កន្លែង។

ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃជាង ៣១ម៉ឺននាក់ហើយ បានទទួលការងារ ធ្វើតាមរយៈយន្ដការរបស់ក្រសួង ហើយមានបងប្អូនអតីតពលករ រាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់បងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបាន ការងារធ្វើ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួល ស្វែងរកការងារជូន៕

To Top