ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ ស្តីពីអ៊ីរ៉ង់
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសមាជិកជាច្រើនអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងប្រឆាំងនឹងការប្រើប្រាស់ ឬការគំរាមកំហែងដោយកម្លាំងប្រឆាំងនឹងអ៊ីរ៉ង់។
នៅក្នុងកិច្ចប្រជុំដែលសហរដ្ឋអាមេរិកបានស្នើសុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានគំរាមប្រើកម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ ដោយនិយាយថា “ជម្រើសទាំងអស់ គឺស្ថិតនៅលើតុ”។
លោក Gholamhossein Darzi តំណាងអចិន្ត្រៃយ៍រងអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានឧ្យដឹងថា ប្រទេសរបស់លោកនឹងមិនចុះចាញ់នឹងសម្ពាធខាងក្រៅឡើយ។ លោកថា “អ៊ីរ៉ង់មិនស្វែងរកការកើនឡើង ឬការប្រឈមមុខដាក់គ្នាទេ។
ទោះជាយ៉ាងណាក៏ដោយ ទង្វើឈ្លានពានណាមួយ ទាំងផ្ទាល់ ឬដោយប្រយោល នឹងត្រូវបានឆ្លើយតបដោយការសម្រេចចិត្ត សមាមាត្រ និងស្របច្បាប់ ក្រោមមាត្រា ៥១ នៃធម្មនុញ្ញ (អង្គការសហប្រជាជាតិ)”។
លោក Sun Lei ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឧ្យដឹងថា ការផ្សងព្រេងយោធាណាមួយ «នឹងរុញច្រានតំបន់នេះទៅរកភាពអាប់អួរដែលមិនអាចទាយទុកជាមុនបាន»។
លោកបានលេីកឡេីងថា «យើងសូមអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យគោរពតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បោះបង់ចោលការផ្តោតអារម្មណ៍របស់ខ្លួនលើការប្រើប្រាស់កម្លាំង» ដោយអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យអនុវត្តការអត់ធ្មត់ និងធ្វើការរួមគ្នាដើម្បីដើរតួនាទីត្រឹមត្រូវរបស់ពួកគេក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
