ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអាមេរិក កំពុងឆ្ពោះទៅមជ្ឈឹមបូព៌ា  ក្រោយការតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់

បរទេស៖ បើយោងតាមការចុះផ្សាយរបស់ Fox News ដោយដកស្រង់ប្រភពយោធាអនាមិកថា សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាផ្ទុកយន្តហោះយ៉ាងហោចណាស់មួយគ្រឿងទៅកាន់មជ្ឈិមបូព៌ា, ការដាក់ពង្រាយនាវាផ្ទុកយន្តហោះនេះកើតឡើងបន្ទាប់ពីការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដោយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា  សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានគ្របដណ្ដប់ដោយការតវ៉ាទ្រង់ទ្រាយធំចាប់តាំងពីចុងខែធ្នូមក ដោយសារតែការមិនពេញចិត្តរបស់សាធារណជនចំពោះអតិផរណាដែលកើនឡើងខ្ពស់ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់អ៊ីរ៉ង់។ ការតវ៉ានេះបានវិវត្តយ៉ាងឆាប់រហ័សទៅជាការប្រឈមមុខដាក់គ្នាដោយហិង្សាជាមួយកងកម្លាំងសន្តិសុខ ដែលត្រូវបានគេចោទប្រកាន់ថា បានបណ្តាលឱ្យមានមនុស្សរាប់ពាន់នាក់បានស្លាប់។ ទីក្រុងតេហេរ៉ង់បានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាអ្នកនៅពីក្រោយចំពោះកុបកម្ម។

កាលពីថ្ងៃព្រហស្បតិ៍ ទូរទស្សន៍ Fox News បានរាយការណ៍ថា នាវាចម្បាំងដែលត្រូវបានគេរាយការណ៍ថាកំពុងធ្វើដំណើរទៅកាន់តំបន់នេះអាចជានាវា USS Abraham Lincoln ឬនាវាផ្ទុកយន្តហោះមួយក្នុងចំណោមនាវាផ្ទុកយន្តហោះពីរគ្រឿងដែលបានចាកចេញពី Norfolk និង San Diego កាលពីដើមសប្តាហ៍នេះ។ ទីភ្នាក់ងារព័ត៌មានបានបន្ថែមថា បច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោនមាននាវាពិឃាតចំនួនបីគ្រឿង និងនាវាចម្បាំង Littoral Combat Ships ចំនួនបីគ្រឿងនៅក្នុងតំបន់រួចហើយ។

ប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនក៏ទំនងជានឹងពង្រឹងវត្តមានយោធារបស់ខ្លួននៅជុំវិញប្រទេសអ៊ីរ៉ង់ជាមួយនឹងសមត្ថភាពវាយប្រហារតាមអាកាស និងលើដី ក៏ដូចជាប្រព័ន្ធការពារមីស៊ីលក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ។ មន្ត្រីអនាមិកបានពិពណ៌នាអំពីរឿងនេះថាជា «ការបង្កើតកម្លាំង» ដែលនឹងអាចឱ្យមានសកម្មភាពយោធា «វាយលុក» ប្រសិនបើលោក Trump ជ្រើសរើសយកជម្រើសវាយប្រហារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top