ព័ត៌មានអន្តរជាតិ

ប្រធាន CIA អាមេរិក ជួបជាមួយប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ហើយបាននាំសាររបស់លោក ដូណាល់ ត្រាំ

បរទេស៖ លោក John Ratcliffe នាយក CIA បានជួបជាមួយលោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា នៅទីក្រុង Caracas កាលពីថ្ងៃព្រហស្បតិ៍ ត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនអ្នកកាន់តំណែងមុនរបស់គាត់ គឺប្រធានាធិបតី Nicolas Maduro ក្នុងការវាយឆ្មក់ដ៏សាហាវមួយ ដែលធ្វើឡើងដោយប្រើប្រាស់ចារកម្មរបស់ទីភ្នាក់ងារនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា មន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា លោក Ratcliffe បានថ្លែងសាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា ទីក្រុងវ៉ាស៊ីនតោន “ទន្ទឹងរង់ចាំទំនាក់ទំនងការងារកាន់តែប្រសើរឡើង” និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចារកម្ម ស្ថិរភាពសេដ្ឋកិច្ច និងការបញ្ចប់តួនាទីរបស់វេណេស៊ុយអេឡាជា “ទីជម្រកសុវត្ថិភាពសម្រាប់សត្រូវរបស់អាមេរិក”។

រូបថតជាច្រើនសន្លឹកដែលកំពុងចរាចរតាមអ៊ីនធឺណិតបង្ហាញពីលោកស្រី Rodriguez ចាប់ដៃជាមួយប្រធាន CIA ដែលភ្នាក់ងាររបស់គាត់បានជួយចាប់លោក Maduro ចេញពីបរិវេណផ្ទះ ដែលជាប្រតិបត្តិការដ៏ច្បាស់លាស់មួយ ដែលចារកម្មអាមេរិកថែមទាំងដឹងថាគាត់កំពុងហូបអ្វី និងសត្វចិញ្ចឹមអ្វីខ្លះនៅទីនោះ។

កិច្ចប្រជុំនេះបង្ហាញពីការបង្វែរទិសដៅដ៏ម៉ឺងម៉ាត់របស់ទីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅរករដ្ឋាភិបាលរបស់លោកស្រី Rodriguez ដែលភាគច្រើនមានអ្នកស្មោះត្រង់នឹងលោក Maduro និងឆ្ងាយពីក្រុមប្រឆាំង ដែលដឹកនាំដោយអ្នកទទួលរង្វាន់ណូបែល María Corina Machado។

ប្រែសម្រួលៈ ណៃ តុលា

To Top