ព័ត៌មានជាតិ

លោកបណ្ឌិត គឹម សន្តិភាព ដឹកនាំគណៈប្រតិភូនាំយកអំណោយរបស់សម្តេចមហាបវរធិបតី មកជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងកងកម្លាំងជួរមុខចំនួន ១៦អង្គភាព

ព្រះវិហារ៖ នាថ្ងៃ​ទី១៧ ខែមករា ឆ្នាំ២០២៦នេះ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមានអង្ករ ត្រីខកំប៉ុង សៀងផ្អែម មី មីសួរ ភេសជ្ជៈ ទឹកស៊ីអុីវ ទឹកសុទ្ធ បារី ធ្យូងបរិស្ថាន សាច់ផាត់ ប៊ីចេង ទឹកដោះគោស្រស់ នំចម្រុះ អំបិល តង់ មុង ភួយ កន្ទេល អង្រឹង ធុងទឹក ធុងទឹកកក អាវរងាប្រុស អាវយឺតនារី និងសាប៊ូដុសខ្លួន មកជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងកងកម្លាំងជួរមុខចំនួន ១៦អង្គភាព។

ក្នុងឱកាសនោះ លោកបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរជាប្រចាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងជួរមុខ និងមន្ត្រីរាជការ ដែលជាបង្គោលដ៏រឹងមាំក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពជូនជាតិមាតុភូមិ៕

ដោយ៖ សួន ពិសិត|ដើមអម្ពិល|ព្រះវិហារ

To Top