ព័ត៌មានអន្តរជាតិ

ភេរវករ ៣០០០ នាក់ត្រូវបានចាប់ខ្លួនពីបទកុបកម្ម ថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខអ៊ីរ៉ង់ថា សរុបមក «ភេរវករ» ចំនួន ៣០០០ នាក់ដែលពាក់ព័ន្ធនឹងកុបកម្មថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់​ ត្រូវបានឃុំខ្លួនរហូតមកដល់ពេលនេះ។

អ្នកដែលត្រូវបានឃុំខ្លួនរួមមានមេដឹកនាំសំខាន់ៗនៃ «កុបកម្ម» អ្នកដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល បុគ្គលប្រដាប់អាវុធ «កុបកម្ម» ដែលបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងអ្នកដែលពាក់ព័ន្ធនឹងការសម្លាប់ជនជាតិអ៊ីរ៉ង់ ដោយបន្ថែមថា អ៊ីរ៉ង់មានភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។

ការតវ៉ាបានផ្ទុះឡើងចាប់តាំងពីចុងខែធ្នូនៅក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់​ ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ណជាតិ អាជ្ញាធរបានទទួលស្គាល់ការធ្វើបាតុកម្ម ហើយបានឧ្យដឹងថា ពួកគេត្រៀមខ្លួនរួចជាស្រេច​ ដើម្បីដោះស្រាយការត្អូញត្អែរផ្នែកសេដ្ឋកិច្ច ខណៈពេលដែលព្រមានប្រឆាំងនឹងអំពើហិង្សា ការបំផ្លិចបំផ្លាញ និងភាពចលាចល។

ដំបូងឡើយ ការតវ៉ាបានធ្វើឡើងដោយសន្តិវិធី បន្តិចម្តងៗបានក្លាយជាអំពើហិង្សា ដែលនាំឱ្យមានអ្នកស្លាប់ និងរបួស និងការខូចខាតទ្រព្យសម្បត្តិសាធារណៈ វិហារអ៊ីស្លាម អគាររដ្ឋាភិបាល និងធនាគារ ជាពិសេសនៅថ្ងៃទី៨​  និងទី៩​ ខែមករា ដែលអាជ្ញាធរអ៊ីរ៉ង់បានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ថានៅពីក្រោយកុបកម្មនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top