បញ្ហាវេណេស៊ុយអេឡា ! កម្ពុជា គាំទ្រយ៉ាងមុតមាំ ចំពោះសន្តិភាព និងស្ថិរភាព នៅអាម៉េរិកឡាទីន និងនៅទូទាំងពិភពលោក
ភ្នំពេញ ៖ ជុំវិញបញ្ហានៅប្រទេសវេណេស៊ុយអេឡា ! កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅ ទូទាំងពិភពលោក។
យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីស្ថានការណ៍នៅប្រទេស វេណេស៊ុយអេឡា ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
ឆ្លើយតបទៅនឹងសំនួរ របស់ប្រព័ន្ធឃោសនាពាក់ព័ន្ធទៅ នឹងស្ថានការណ៍នៅប្រទេស វេណេស៊ុយអេឡា អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ ពីជំហររបស់កម្ពុជា ដូចខាងក្រោម ៖
កម្ពុជា តាមដានការវិវត្ត នៃស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា ដោយក្តីព្រួយបារម្ភ ជាខ្លាំង ។ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅទូទាំងពិភពលោក។
កម្ពុជា ប្រកាន់ខ្ជាប់នូវសារៈសំខាន់ នៃដំណោះស្រាយទំនាស់ និងជម្លោះ ដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី នៃបណ្តារដ្ឋទាំងអស់ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក។
កម្ពុជា គូសបញ្ជាក់អំពីការគោរពរបស់ខ្លួន ចំពោះច្បាប់ និងបទដ្ឋានអន្តរជាតិ ដោយ អនុលោមតាមគោលការណ៍ ដែលមានចែង ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ៕

