លោក ដូណាល់ ត្រាំ ព្រមានយកពន្ធលើប្រទេស ដែលមិនគាំទ្រផែនការយកកោះ Greenland របស់លោក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកអាចនឹងដាក់ពន្ធលើប្រទេសដែលមិនគាំទ្រផែនការរបស់លោក សម្រាប់សហរដ្ឋអាមេរិកក្នុងការទទួលបានកោះ Greenland។
លោក ត្រាំ បានឧ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា “ខ្ញុំអាចនឹងដាក់ពន្ធលើប្រទេសនានា ប្រសិនបើពួកគេមិនយល់ស្របជាមួយផែនការ Greenland ពីព្រោះយើងត្រូវការ Greenland សម្រាប់សន្តិសុខជាតិ”។
គួរបញ្ជាក់ថា កោះ Greenland មានរដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯងនៅក្នុងប្រទេសដាណឺម៉ាក ដោយទីក្រុង Copenhagen រក្សាអំណាចលើគោលនយោបាយការពារជាតិ និងការបរទេសរបស់ខ្លួន ហេីយសហរដ្ឋអាមេរិក រក្សាមូលដ្ឋានយោធានៅលើកោះនេះ។
ចាប់តាំងពីវិលត្រឡប់ទៅកាន់សេតវិមានវិញនៅឆ្នាំ២០២៥ លោក ត្រាំ បានបង្ហាញម្តងហើយម្តងទៀតនូវបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការទទួលបានកោះ Greenland តាមមធ្យោបាយណាមួយ។
គួរបញ្ជាក់ថា ការមិនចុះសម្រុងគ្នាជាមូលដ្ឋាន នៅតែបន្តកើតមានលើអនាគតនៃកោះ Greenland បន្ទាប់ពីកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក ដាណឺម៉ាក និង Greenland កាលពីថ្ងៃពុធ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានជួបជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen និងរដ្ឋមន្ត្រីការបរទេស Greenland លោក Vivian Motzfeldt នៅឯសេតវិមាន៕
ប្រែសម្រួល ឈូក បូរ៉ា
