ព័ត៌មានជាតិ

បញ្ជាការដ្ឋានទ័ពពិសេស លោក ឧត្ដមសេនីយ៍ត្រី មួន សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់ មេបញ្ជាការដ្ឋានទ័ព​ ចុះត្រួតពិនិត្យ និងដឹកនាំលោតឆត្រជាក់ស្ដែង

កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង នាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្ដមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ព បានចុះត្រួតពិនិត្យ និងដឹកនាំលោតឆត្រជាក់ស្ដែង របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៧ និងវគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៩ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រ ភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់   ខេត្តកំពង់ស្ពឺ។

លោកឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៧ និងវគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៩ បានកំពុងហ្វឹកហ្វឺនរយៈពេល២ខែ គឺចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះចំពោះសិក្ខាកាម ហ្វឹកហ្វឺនទាំង២វគ្គមានសរុប២៧១នាក់ សិក្ខាកាមមកពីវិទ្យាស្ថាននាយទាហានចម្រុះ ចំនួន ៩៨នាក់ សិក្ខាកាមមកពីសាលានាយទាហានសកម្ម ចំនួន ៩៣នាក់ និងសិក្ខាកាមបញ្ជាការដ្ឋានទ័ពពិសេស ចំនួន ៨០នាក់។

លោកឧត្ដមសេនីយ៍ត្រី បានបញ្ជាក់បន្ថែមថា ផែនការឆ្នាំ២០២៦ នេះបញ្ជាការដ្ឋានទ័ពពិសេស បានអនុវត្តផែនការហ្វឹកហ្វឺនសម្រេចបានចំនួន ៤វគ្គ ទី១ គឺវគ្គហ្វឹកហ្វឺនជំនាញបើកបរ-ជួសជុលអូប័រ ជំនាន់ទី៧ មានរយៈពេល ០៣ខែ មានសិក្ខាកាមចំនួន ៣០នាក់ ហ្វឹកហ្វឺននៅភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល និងតំបន់សមុទ្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី២ វគ្គហ្វឹកហ្វឺនជំនាញទ័ពពិសេស សិក្ខាកាមមានចំនួន ១០០នាក់ ហ្វឹកហ្វឺនរយៈពេល ៦ខែ មានជំនាញយុទ្ធវិធីថ្មើរជើង ២ខែ យុទ្ធវិធីទ័ពព្រៃ ២ខែ និងតំបន់សមុទ្រ ២ខែ នៅតាមភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តព្រះសីហនុ ៕

To Top